ទឹកភ្នែកពលករ៖ ពលករនៅក្រៅប្រទេស ច្រៀងពីជីវិតរបស់ខ្លួន
«ទឹកភ្នែកពលករ» ជាចំណងជើង នៃបទចម្រៀងមួយបទ ដែលនិពន្ធឡើង ដោយពលករមួយរូប ធ្វើការនៅប្រទេសថៃ ដែលដាក់ឈ្មោះខ្លួនថា DJkok Rapboy និងបង្ហើរតាមសំនៀង របស់លោក Chak Visal ក៏ជាអ្នក ធ្វើការនៅប្រទេសក្រៅដែរ។
បទចម្រៀងនេះ ត្រូវបានផ្សាព្វផ្សាយ នៅតាមបណ្តាញសង្គម នៅថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៥ នៅលើហ្វេសប៊ុកឈ្មោះ «Chak Visal» ដែលជាអ្នកបកស្រាយ បទចម្រៀងនេះផ្ទាល់។ បន្ទាប់ពីបទចម្រៀងនេះ ត្រូវបានបង្ហោះ នៅតាមបណ្តាញសង្គម អ្នកប្រើប្រាស់ជាច្រើន បានសម្ដែងការគាំទ្រ និងពេញចិត្ត ដោយពួកគេអះអាងថា ពិតជាពិរោះ លន្លង់លន្លោច មានន័យ និងស្តាប់ហើយ ស្ទើតែទប់ទឹកភ្នែកមិនបាន។
បទចម្រៀង «ទឹកភ្នែកពលករ»នេះ ដែលយកតាមលំនាំបទ «សីដាមាសបងអើយ» ដែលច្រៀងដោយលោក ណង សារិទ្ធិនោះ បានច្រៀងរៀបរាប់ពីជិវិត របស់ពលករដែលត្រដរ មកធ្វើការនៅប្រទេសគេ ដោយសារតែភាពក្រីក្រ ត្រូវឃ្លាតចាក់ពីគ្រួសារ ហើយខិតខំធ្វើការឥតល្ហែរ [...]