អាមេរិកនឹងពង្រាយប្រព័ន្ធខែលការពារជាអចិន្ត្រៃយ៍ នៅអ៊ឺរ៉ុបខាងកើត
ដើម្បីបង្កា នូវរាល់ការរំលោភបំពាន ពីសំណាក់ប្រទេសរ៉ូស្ស៊ី ដែលអាចកើតឡើង ជាយថាហេតុនោះ សហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ពង្រាយជាលក្ខណៈអចិន្ត្រៃយ៍ នូវប្រព័ន្ធខែលការពារ នៅក្នុងបណ្ដាប្រទេសអ៊ឺរ៉ុបខាងកើត ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការប្រកាសឲ្យដឹង របស់មន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក)។
អ្នកស្រី ឡូរ៉ា សៀល (Laura Seal) អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានថ្លែងឲ្យដឹងថា៖ «ការដាក់ពង្រាយនេះ នឹងធ្វើឡើងដោយមិនឈប់ឡើយ ដើម្បីអនុញ្ញាតឲ្យមានវត្តមាន នៃប្រព័ន្ធខែលការពារជាប់រហូត និងការបង្កើនគុណភាព នៃការហ្វឹកហាត់ សម្រាប់ក្រុមប្រទេសជាសម្ព័ន្ធមិត្ត នៅក្នុងអង្គការអូតង់ (OTAN ឬ NATO = អង្គការនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង)»។
អ្នកនាំពាក្យបានបន្តថា វត្តមាននៃប្រព័ន្ធខែលការពារនេះ នឹងនៅតែបន្ត នៅក្នុងបណ្ដាប្រទេស នៅអ៊ឺរ៉ុបខាងកើត។
[...]