គឹម សុខ ថាតំណាងនាយករដ្ឋមន្ត្រីបានទៅគម្រោម ឲ្យលោកធ្វើលិខិតសុំទោស
ដើម្បីអាចនៅក្រៅឃុំ និងដើម្បីជៀសវាង ការជាប់ឃុំនៅក្នុងគុកងងឹតនោះ គេគប្បីធ្វើលិខិត«សុំទោស»នាយករដ្ឋមន្ត្រី ទៅតាមការចង់បាន ឬទៅតាមការបញ្ចុះបញ្ចូល ពីសំណាក់មនុស្ស ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនមក។ នេះ បើតាមការស្រែកដង្ហើយ របស់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលត្រូវបានតុលាការសាលាដំបូង បញ្ជូនលោកទៅដាក់ឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ ឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម។
នៅថ្ងៃទី៦ ខែមិនានេះ លោក គឹម សុខ ត្រូវបានបញ្ជូនខ្លួន មកកាន់សវនាការនៃសភាស៊ើបសួរ របស់សាលាឧទ្ធរណ៍ ទៅតាមបណ្ដឹងសារទុក្ខ ស្នើសុំនៅក្រៅឃុំ របស់លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម សុខ។ ប៉ុន្តែនៅក្រោយសវនាការ ដែលមិនទទួលបានលទ្ធផល តាមបណ្ដឹងសារទុក្ខ និងនៅមុនរូបលោក [...]