ផៃ ស៊ីផាន ដេញ អាឡិច តាមហ្វេសប៊ុក
«ត្រឡប់ទៅផ្ទះ ក្នុងពេលនេះភ្លាមទៅ លោក អាឡិច» នេះជាឃ្លាដំបូង សរសេរឡើង ដោយគណនីហ្វេសប៊ុក អង្គភាពប្រតិកម្មរហ័ស ដែលគេស្គាល់ថាជាគណនីរបស់លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ នៅមួយថ្ងៃមុនការបិទបញ្ចប់សុពលភាព នៃទិដ្ឋាការរបស់លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ។ លោក អាឡិច ដែលត្រូវបានក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បដិសេធមិនបន្តទិដ្ឋាការ ឲ្យលោកទៅទៀត។
ក្រសួងមហាផ្ទៃបានចាត់ទុកលោក អាឡិច ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មជាតិ បានប្រព្រឹត្តខុសទៅនឹងលក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រងរដ្ឋបាលសាធារណៈ របស់អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យក្រុមការងារ ចុះទៅជួបប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ [...]