CNRP ហៅការចាប់ខ្លួន កឹម សុខា រំលោភច្បាប់និងបំពានរដ្ឋធម្មនុញ្ញ
បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាតថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសការចាប់ខ្លួននេះ ដោយបានវាយតម្លៃហេតុការណ៍ ពីសំណាក់អាជ្ញាធរ ថាធ្វើឡើង«ដោយហេតុផលនយោបាយ»។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅវេលាម៉ោង ប្រមាណជា៤ទៀបភ្លឺក្នុងថ្ងៃនេះ បានហៅការចាប់ខ្លួនខាងលើ ថាជា«ទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់អាធ្រាត និងក្នុងខណៈពេល ដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា»។
គណបក្សប្រឆាំង ដែលមានសម្លេងភាគតិច នៅក្នុងរដ្ឋសភាសព្វថ្ងៃ បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ តាមរយៈសេចក្ដីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវផងដែរ ទៅដល់សហគមន៍អន្តរជាតិ [...]