ផ្ទុះរឿង«ពុករលួយ» ក្នុងការផ្ដល់សិទ្ធិ បាល់ទាត់ពិភពលោក ឆ្នាំ២០១០
ការផ្ដល់សិទ្ធិ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១០ បានធ្វើឡើង «ដោយការស៊ីសំណូក»។ នេះជាការចោទប្រកាន់ របស់អ្នកស្រីរដ្ឋមន្ត្រី យុត្តិធម៌អាមេរិក ប្រចាំរដ្ឋញ៉ូយក នៅក្នុងសន្និសីទការសែតមួយ ស្ដីពីអំពើ«ពុករលួយ» នៅក្នុងសហព័ន្ធបាល់ទាត់អន្តរជាតិ។
អ្នកស្រីរដ្ឋមន្ត្រី ឡូរ៉េតា លីនឆ៍ (Loretta Lynch) បានពន្យល់ថា៖ «ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១០ ត្រូវបានប្រគល់ ទៅឲ្យប្រទេសអាហ្វ្រិកខាងត្បូង ជាលើកទីមួយ សម្រាប់ទ្វីបអាហ្វ្រិក។ (...) ប៉ុន្តែក្នុងឱកាស ជាប្រវត្តិសាស្ត្រនេះ មេដឹកនាំរបស់ហ្វីហ្វា និងមនុស្សមួយចំនួនទៀត បានធ្វើអំពើពុករលួយ ទៅលើនិតិវិធី នៃការប្រគល់សិទ្ធិនេះ ដោយបានប្រើប្រាស់ នូវសំណូកក្រោមតុ ដើម្បីធ្វើឲ្យលំអៀង ក្នុងការសម្រេចចិត្ត។»
ចំពោះអ្នកនាំពាក្យ នៃសហព័ន្ធបាល់ទាត់អាហ្វ្រិកខាងត្បូងវិញ លោក ដូមីនិក ឈីមហាវី (Dominic Chimhavi) [...]