យន្ដហោះបាត់ខ្លួន MH370 មិននៅក្នុងតំបន់រុករកទេ!
ជាសេចក្ដីសន្និដ្ឋានមួយ ដែលបង្កក្ដីអស់សង្ឃឹម ទៅដល់ក្រុមគ្រួសាររបស់អ្នកដំណើរ ដែលបានរងគ្រោះ ព្រោះបានជិះនៅក្នុងយន្ដហោះ ប្រភេទប៊ូអីង (Boeing 777) នៃជើងហោះហើរលេខ «MH370» របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ ហោះភ្ជាប់ពីរាជធានីកូឡាឡំពួរ (ប្រទេសម៉ាឡេស៊ី) ឆ្ពោះទៅរដ្ឋធានីប៉េកាំង (ប្រទេសចិន) ក្នុងយប់ទី៨ ខែមិនា ឆ្នាំ២០១៤ តែបានបាត់ដំណឹងសូន្យឈឹង តាំងពីយប់នៃការហោះងើបខ្លួនចេញ ពីព្រលានយន្ដហោះនោះ រហូតមកដល់ថ្ងៃនេះ។
អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ខាងសុវត្ថិភាពដឹកជញ្ជូនផ្លូវអាកាស ហៅកាត់ «ATSB» ដែលទទួលបន្ទុករុករកតួយន្ដហោះ ទើបនឹងចេញរបាយការណ៍ «សន្និដ្ឋានជាផ្លូវការ» នៅព្រឹកថ្ងៃអង្គារទី២០ ខែធ្នូនេះ បញ្ជាក់ថា យន្ដហោះ«MH370» ដែលដឹកមនុស្ស ចំនួន២៣៩នាក់ ទំនងជាមិនបានធ្លាក់ នៅក្នុងតំបន់រុករកកន្លងមក ស្ថិតនៅភាគខាងត្បូង នៃមហាសាគរឥណ្ឌានោះឡើយ។ ការរុករកបានប្រព្រឹត្តិទៅ អស់រយៈពេលជាង២ឆ្នាំ [...]