សម្រេចជាស្ថាពរ ថាសព កែម ឡី នឹងត្រូវបញ្ចុះនៅថ្ងៃទី២៤នេះ
បន្ទាប់ពីបានរារែក និងបានផ្លាស់ប្ដូរ ការសម្រេចដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នៅភូមិដ្ឋានស្រុកកំណើតលោក ជាច្រើនដងកន្លងមក នៅរសៀលថ្ងៃចន្ទទី១៨ ខែកក្កដានេះ សេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ បានប្រកាសឲ្យដឹងថា ការដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៤ ខែកក្កដាខាងមុខ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យសព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានមានថេរដីការថា ការសម្រេចដង្ហែនេះ ដោយសារ«គ្មានជម្រើស» ដែលបណ្ដាលមកពី ការបង្ខំរបស់អាជ្ញាធរ និងស្ថានភាពរបស់សព ដែលមិនអាចទុកយូរបានតទៅទៀត។
សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការបុណ្យសព បានឲ្យដឹងទៀតថា ពិធីដង្ហែសព ចាប់ផ្តើមនៅម៉ោង៧ព្រឹក ចេញពីវត្ត ពោធិយារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ [...]