សម រង្ស៊ី ថា ហ៊ុន សែន សម្លុតព្រះរាជាមិនឲ្យយាងទៅពិនិត្យសុខភាព នៅចិន
បន្ទាប់ពីលើកឡើង កាលពីពីរសប្ដាហ៍មុនថា «ព្រះមហាក្សត្រមិនយាង ទៅបើករដ្ឋសភានីតិកាលថ្មី នៅដើមខែកញ្ញាខាងមុខទេ» នៅថ្ងៃនេះ ប្រធានចលនាសង្គ្រោះជាតិ បានបន្តភាគករណីដដែល បញ្ច្រាសមកវិញថា ព្រះមហាក្សត្រនឹងយាង ទៅបើករដ្ឋសភានីតិកាលថ្មី ដោយការសម្លុតរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក តែមិនបានបញ្ជាក់ពីអំណះអំណាង ថាលោកទទួលដំណឹងនេះ បានយ៉ាងដូចម្ដេចនោះទេ។ លោកសរសេរថា៖ «ថ្មីៗនេះ លោក ហ៊ុន សែន បានសម្លុតព្រះមហាក្សត្រ មិនឲ្យព្រះអង្គយាងទៅប្រទេសចិន នៅដាច់ខែសីហានេះ ដូចព្រះអង្គបានគ្រោងទុក»។
គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់បុរសខ្លាំងកម្ពុជា បានបន្តថា៖ «តែក្រោយពីលោក ហ៊ុន សែន សម្លុតព្រះអង្គ ឲ្យនៅបើកសម័យប្រជុំពេញអង្គរដ្ឋសភាទីងមោង ថ្ងៃ ០៤ កញ្ញា នេះសិន ទើបព្រះអង្គសម្រេចព្រះទ័យ ដោយបង្ខំចិត្ត លើកដំណើរព្រះអង្គ រយៈពេលប្រមាណ ២ សប្តាហ៍ [...]