របាយការណ៍​បន្ថែម រ៉ូណា ស្មីត ក្នុង​របៀបវារៈ​ទី១០ នៃ​កិច្ចប្រជុំ​​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស UN

នៅក្នុងរបៀបវារៈ ទី១០ នៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងលើកយករបាយការណ៍ កម្រាស់២២ទំព័រ របស់អ្នករាយការណ៍ពិសេស ​អ.ស.ប ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រចាំនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) មកពិភាក្សា។ របាយការណ៍ ដែលរៀបរាប់យ៉ាងក្បោះក្បាយ ពីការរិតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ នៅក្នុងរបបដឹកនាំ របស់លោក ហ៊ុន សែន។
របាយការណ៍​បន្ថែម រ៉ូណា ស្មីត ក្នុង​របៀបវារៈ​ទី១០ នៃ​កិច្ចប្រជុំ​​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស UN
អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់​អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស នៅកម្ពុជា។ (រូបថត UN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 10, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្នាំនេះ របបដឹកនាំរបស់លោក ហ៊ុន សែន ដែលមិនមានឈ្មោះល្អស្រាប់ នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) អាចនឹងរងព្រនង់ធ្ងន់ៗបន្ថែមទៀត ពីសំណាក់ស្ថាប័នអន្តរជាតិខាងលើ ដែលនឹងធ្វើការប្រជុំ ប្រចាំឆ្នាំ សម្រាប់រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងការិយាល័យកណ្ដាលរបស់ខ្លួន ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។

នេះ បើយោងតាមរបាយការណ៍បន្ថែម កម្រាស់២២ទំព័រ ដែលទើបនឹងត្រូវអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ​អ.ស.ប ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រចាំនៅកម្ពុជា ដាក់ឡើងទៅកាន់ស្ថាប័នខាងលើ ដែលមានរៀបរាប់យ៉ាងច្រើន ពី​ស្ថានភាព ​នៅ​មុន អំឡុង​ពេល និង​ក្រោយពេល នៃការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​កាល​ពី​ចុង​ខែ​កក្កដា​កន្លងមក។

របាយការណ៍​ជា​ភាសា​អង់គ្លេស​ របស់អ្នកស្រី រ៉ូណា ស្មីត ដែលដាក់ឲ្យពិគ្រោះបាន តាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើគេហទំព័របណ្ដុំឯកសារ របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងប្រទេសកម្ពុជា នឹង​ស្ថិត​ក្នុង​របៀប​វារៈ​ ទី១០ នៃ​​កិច្ច​ប្រជុំ​ប្រចាំឆ្នាំខាងលើ ដោយបានអះអាង ពីការរិតត្បិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយ។

របាយការណ៍ បានរកឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ មានពោរពេញ​ ដោយការរឹតត្បិត និងការបង្ខិតបង្ខំពលរដ្ឋ ឲ្យចេញទៅបោះឆ្នោត នៅក្នុងខេត្តមួយចំនួន - ការយាយីក្រុមអង្គការសង្គមស៊ីវិល - ការគ្រប់គ្រងបណ្ដាញសារព័ត៌មាន និងការរារាំងគណបក្សប្រឆាំង ដ៏សំខាន់មួយ មិនឲ្យចូលរួមប្រកួតប្រជែង។

របាយការណ៍ បានបញ្ជាក់ថា ការបោះឆ្នោតរបៀបនេះ មិនមានភាពសេរី ភាពត្រឹមត្រូវ និងយុត្តិធម៌ឡើយ។ អ្នកស្រី រ៉ូណា ស្មីត បានសរសេរថា មូលដ្ឋានគ្រឹះ និងចក្ខុ​វិស័យ ​នៃ​កិច្ចព្រមព្រៀងសន្ដិភាព​ ទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា មិនទាន់ត្រូវបានគោរពនោះទេ ដរាបណាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ត្រូវបានហាមឃាត់ គ្មានការបែងចែកអំណាចច្បាស់លាស់ និងគ្មានការផ្លាស់ប្ដូរអំណាច ដោយសន្ដិវិធី តាមរយៈការបោះឆ្នោតទេនោះ។

អ្នករាយការណ៍ពិសេស របស់អ.ស.ប បានបញ្ជាក់ថា ទោះបីជារបាយការណ៍របស់ គ.ជ.ប. អះអាងពីចំនួនពលរដ្ឋ ប្រមាណ ៨៣ភាគរយ បានចេញទៅបោះឆ្នោតក៏ដោយ ប៉ុន្ដែពលរដ្ឋកម្ពុជា ដ៏ច្រើនលើសលប់ បានទទួលរងការបំភិតបំភ័យ និងបង្ខំឲ្យចេញទៅបោះឆ្នោត ការគំរាមកំហែងពីសំណាក់អាជ្ញាធរ - ការទិញសន្លឹកឆ្នោត និងចំណាត់ការផ្លូវច្បាប់ ចំពោះអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះរូបភាព «ម្រាមដៃស្អាត» សម្ដែងការមិនពេញចិត្ត ចំពោះការបោះឆ្នោតនេះ។

សេចក្ដីថ្លែងការណ៍ ជារឿយៗ ក្នុងពេលកន្លងមក របស់អ្នកស្រី រ៉ូណា ស្មីត ក៏ត្រូវបានអ្នកស្រី យកមកបញ្ជាក់ឡើងវិញ នៅក្នុងរបាយការណ៍នេះដែរ ដូចយ៉ាង ការពន្យល់ថា ការអំពាវនាវឲ្យធ្វើពហិការ ចំពោះការបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ច កំណត់ដោយច្បាប់នោះ គឺជា​សិទ្ធិបញ្ចេញមតិ ដែលត្រូវបានធានា ដោយច្បាប់សិទ្ធិមនុស្សអន្ដរជាតិ នោះជាដើម៕

-----------------

ប្រិយមិត្តអាចរកអាន របាយការណ៍នោះទាំងស្រុង នៅទីនេះ (ជាភាសាអង់គ្លេស) និងរបាយការណ៍ផ្សេងៗទៀត ទាក់ទងនឹងប្រទេសកម្ពុជា ដែលមាននៅក្នុងគេហទំព័រ បណ្ដុំឯកសារ របស់អង្គការសហប្រជាជាតិ នៅទីនេះ (មានច្រើនភាសា)។ រីឯអត្ថបទទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដែលទាក់ទងនឹងអ្នកស្រី រ៉ូណា ស្មីត អាចរកពិគ្រោះបាន នៅទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...