បើសូម្បីពេល ណីម៉ា កម្ដៅសាច់ដុំ ក៏អស្ចារ្យ...
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៧ មីនា ២០១៦
- កែប្រែចុងក្រោយ: March 18, 2016
- ប្រធានបទ: ទេពកោសល្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទស្សនិកជន ដែលមកទស្សនាដោយផ្ទាល់ នូវការប្រកួតរវាង ក្រុមបាសឺឡូន (Barcelone) និងក្រុមអាសឺណល (Arsenal) កាលពីថ្ងៃពុធទី១៧ ខែមីនានេះ ពិតជាបានសប្បាយភ្នែកមិនស្ទើរទេ ដោយឃើញ កីឡាករ ណីម៉ា (Neymar) បានបង្ហាញ ពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន ដើម្បីជាការកម្ដៅសាច់ដុំ នៅមុនការប្រកួតមកដល់។
បើមើលវីដេអូខាងលើ ណីម៉ា មិនគ្រាន់តែជា កីឡាករបាល់ទាត់ប៉ុណ្ណោះទេ តែយុវជនអាយុ ២៤ឆ្នាំរូបនេះ ក៏ជាសិល្បករម្នាក់ដែរ។ នេះបង្ហាញឲ្យគេឯងកាន់តែដឹងថា បើសិនជាកីឡាករ មានបាល់នៅក្នុងជើងទាំងពីររបស់ខ្លួន ប្រាកដណាស់ហើយថា កីឡាករពិតជាមានវិធី ដើម្បីរក្សា បណ្ដើរ មុននឹងទាត់វាបញ្ចេញទៅ។
នៅក្នុងការប្រកួត នាកីឡាដ្ឋាន កំព្នូ (Camp Nou ក្នុងក្រុងបាសឺឡូន ប្រទេសអេស្បាញ) ជាមួយក្រុម អាសឺណល់ គឺកីឡាកររូបនេះហើយ ដែលរកគ្រាប់បាល់បានមុនគេ ឲ្យក្រុមបាសឺឡូន នៅនាទីទី១៨ ជាមួយនឹងបាល់ ដែលទាត់បញ្ជូនមកឲ្យ ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។ ប៉ុន្តែនៅសល់ថ្វីជើង ជាច្រើនរាប់មិនអស់ទៀត ដែលកីឡាករ ណីម៉ា មិនសូវជាធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ខកចិត្តម្ដងណាឡើយ៕