ឆ្មារ«អ្នករត់ការ»មួយក្បាល ត្រូវបានឃាត់ខ្លួន ក្នុងពន្ធនាគារនៅប្រេស៊ីល
សូមកុំនិយាយថា វា«ពិបាកណាស» ក្នុងការបង្ហាត់ឆ្មារ អោយចេះ«រត់ការ»។ តែយ៉ាងហោចណាស់ ក៏មានអ្នកទោសម្នាក់ បង្ហាត់ឆ្មារនេះបានសម្រេច ខណៈខ្លួនកំពុងជាប់ឃុំ ក្នុងពន្ធនាគារមួយស្ថិតនៅចម្ងាយ ២៥០គីឡូម៉ែត្រ ពីទីក្រុងរ៉េសីហ្វ នៃប្រទេសប្រេស៊ីល។
សត្វឆ្មារ ដែលក្រុមអ្នកយាមពន្ធនាគារ ចាប់រកឃើញ នូវរបស់របររត់ការពិសេស។
រូបថតពីអេក្រង់វីដេអូ
បើនិយាយអោយមែនទែន និងបើគ្មានអ្នកទោសណាចេះបង្ហាត់វានោះ ប្រភេទសត្វដែលចេះ«រត់ការ» ប្រហែលបានកើតហើយទេដឺង នៅលើលោកនេះ?
សត្វឆ្មារមួយក្បាលនេះ បានធ្វើជាអ្នករត់ការ ភ្ជាប់ទំនាក់ទំនងពីអ្នកទោស ជាប់ឃុំក្នុងពន្ធនាគារ មកអ្នកនៅខាងក្រៅ។ អ្នកយាមពន្ធនាគារ បាន«ឃាត់ខ្លួន»សត្វឆ្មារដ៏ឆ្លាតនេះ នៅចំថ្ងៃឆ្លងថ្ងៃចូលឆ្នាំសកលថ្មី កន្លងមកនេះ ហើយបានរកឃើញប្រដាប់ប្រដាជាច្រើន ត្រូវបានចងភ្ជាប់នឹងពោះរបស់វា។ របស់របរទាំងនោះ រួមមាន៖ ទូរស័ព្ទដៃមួយ ប្រដាប់បញ្ចូលថ្ម អង្គចងចាំមួយ កាសស្ដាប់ត្រជៀក តែក៏មានផងដែរ នូវ«ដែកស្វាន» និង«រណារ»ជាច្រើនសម្រាប់អារដែក។
សត្វឆ្មារ«ប្រព្រឹត្តិល្មើស»នេះ ត្រូវបានគេនាំខ្លួន ទៅកាន់មជ្ឈមណ្ឌលសត្វមួយ នៅក្នុងតំបន់នោះ។ សកម្មភាពរបស់វា បានធ្វើអោយមានការសង្ស័យ ទៅដល់អ្នកជាប់ទោសនៅទីនោះ ទាំង២៦៣នាក់។
អ្នកស៊ើបអង្កេត លើសំនុំរឿង មាន«ការភ្ញាក់ផ្អើលនឹងបច្ចេកទេសថ្មី» នៃអ្នកទោស តែបានសារភាពថា វាមិនមែនស្រួលនឹងរកឃើញ ម្ចាស់ឬអ្នកបង្ហាត់វានោះទេ បើសត្វឆ្មារនេះ វាមិនចេះនិយាយភាសារមនុស្សផង៕
សូមទស្សនាវីដេអូ៖
--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ