ដាក់ច្រវាក់ជើងក្មួយស្រី ព្រោះមិនព្រមដេកជាមួយភ្ញៀវរបស់ខ្លួន
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 04, 2015
- ប្រធានបទ: ទារុណកម្មកុមារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅមួយឆ្នាំចុងក្រោយនេះ កុមារី ជ.ណ.រ ដែលទើបតែមានអាយុ១៣ឆ្នាំ បានឆ្លងកាត់ នូវពេលវេលា ដ៏ខ្លោចផ្សារមួយ។ នោះគឺការរងគ្រោះ ដែលនាងតូចកំព្រា ត្រូវបានម្ដាយមីងរបស់នាង នាំឲ្យទៅរួមភេទ ជាមួយបុរសចំណាស់៣៦ឆ្នាំម្នាក់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារ។ នៅរយៈពេលចុងក្រោយនេះ ម្ដាយមីងអប្រិយមានបំណងធ្វើរឿងនេះ ឡើងសារជាថ្មីទៀត តែត្រូវបានកុមារី ជ.ណ.រ បដិសេធមិនព្រម ហើយបង្កការខឹងក្រេវក្រោធ ដល់ម្ដាយមីង រហូតយកច្រវ៉ាក់ មកដាក់លើជើងនាងតូចទាំងពីរ ជាច្រើនដង។ នេះជាការថ្លែងបញ្ជាក់ របស់មន្ត្រីទទួលខុសត្រូវ របស់ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។
នាយការិយាល័យ លោក កែវ ធា បានថ្លែងថា កាលពីរសៀលថ្ងៃទី៣ ខែសីហាម្សិលម៉ិញ ក្រុមអាជ្ញាធរ ដោយមានការឯកភាព ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានចុះធ្វើការចាប់ខ្លួន ស្ត្រីជាម្តាយមីង២នាក់ និងប្រុសម្នាក់ផ្សេងទៀត ពីបរទបង្ខាំង និងអូសទាញពេស្យាចារកុមារ។ ស្ត្រីម្តាយមីងពីរនាក់បងប្អូន ដែលមានឈ្មោះ ជា ស្រស់ អាយុ៣២ឆ្នាំ និងឈ្មោះ ជា ទីណា អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ ថាបានរួមគំនិតគ្នា បង្ខំ និងបង្ខាំង ដាក់ច្រវាក់ចាក់សោរ ទៅលើជើងក្មួយស្រីរបស់ខ្លួន ដែលជាក្មេងកំព្រា ឲ្យរួមភេទជាមួយបុរសម្នាក់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារអាមេរិក។ បុរស ដែលត្រូវបានអាជ្ញាធរ ចាប់ខ្លួនដែរនោះ មានឈ្មោះ ឈឹម ឆៃលី អាយុ៣៦ឆ្នាំ ប្រកបមុខរបប ជាមេជាងសំណង់។
ជនសង្ស័យទាំងបី បានទទួលសារភាព ពីទង្វើរបស់ខ្លួន នៅចំពោះការសាកសួរ របស់ក្រុមនគរបាលស៊ើបអង្កេត។ បើតាមមន្ត្រីនគរបាលដដែល បានថ្លែងឲ្យដឹងថា កាលពីដើមឆ្នាំ២០១៥ ម្ដាយមីងចិត្តអាក្រក់ បានលួងលោមក្មួយស្រីរបស់ខ្លួន ដើម្បីយកទៅលក់ខ្លួន ឲ្យបុរសខាងលើនេះរួចហើយ។ បន្ទាប់ពីពេលនោះ ម្ដាយមីងទាំងពីរ បានបន្តលួងលោមកុមារី ជ.ណ.រ ឲ្យធ្វើជាស្រីកំណាន់ របស់បុរសមេជាងសំណង់នេះ ជាបន្តទៀត តែត្រូវបានកុមារីមិនព្រម ក៏ត្រូវម្ដាយមីងចិត្តតិរច្ឆាន ចាប់ដាក់ច្រវាក់ជើង ចាក់សោរបង្ខាំងទុក ក្នុងផ្ទះរហូតមក ដើម្បីលក់ខ្លួន ឲ្យបុរស ឈឹម ឆៃលី ម្ដងម្កាលទៀត។
បានលុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ កុមារីចាមរងគ្រោះ បានរើរួច ពីច្រវាក់របស់ម្ដាយមីង ក៏រត់មករកអ្នកជិតខាង ឲ្យជួយនាំទៅរកអាជ្ញាធរ ដាក់ពាក្យប្ដឹងតែម្ដង។ ខណៈនេះ ជនសង្ស័យទាំងបីខាងលើ កំពុងត្រូវបានសាកសួរ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ដើម្បីកសាងសំណុំរឿង បញ្ជូនឡើងតុលាការ និងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់៕