ប្រធានព្រឹទ្ធសភា«ថ្មី» មានទីប្រឹក្សា និងជំនួយការ ៣៨រូប
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 24, 2015
- ប្រធានបទ: គោរមងារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីប្រឹក្សា នាយក និងនាយករងខុទ្ទកាល័យ និងជំនួយការ ចំនួន៣៨រូប នៃប្រធានព្រឹទ្ធិសភាថ្មីនោះ មានឋានៈប្រាំដោយឡែកពីគ្នា៖ ក្នុងនោះមានឋានៈស្មើ នឹងទេសរដ្ឋមន្ត្រីចំនួន ២រូប រដ្ឋមន្ត្រីចំនួន ១២រូប រដ្ឋលេខាធិការចំនួន ៩រូប អនុរដ្ឋលេខាធិការចំនួន ៩រូប និងអគ្គនាយកចំនួន ៥រូប។ នេះបើយោងតាម ព្រះរាជក្រឹត្យ នៃអង្គព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ថលេខាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥។
ព្រះរាជក្រឹត្យ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបទទួលបាននោះ ទ្រង់បានត្រាស់បង្គាប់ ឲ្យបញ្ចប់តំណែង និងតួនាទីទីប្រឹក្សា ជំនួយការ នាយក នាយករង និងជំនួយការខុទ្ទកាល័យ នៃអតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ផងដែរ ជាពិសេសទីប្រឹក្សា និងជំនួយការរបស់លោក ជា ស៊ីម ដែលត្រូវបានតែងតាំង មុនថ្ងៃទី៨ ខែមិថុនា។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបញ្ជាក់បន្ថែម ពីមន្រ្តីនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង បានទេ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ ឯអតីតនាយកខុទ្ទកាល័យលោក ជា ស៊ីម លោក ម៉ម សារិន ក៏មិនអាចបញ្ជាក់ដែរ ដោយគ្មានអ្នកទទួលទូរស័ព្ទ នារសៀលនេះ ។ ទីប្រឹក្សា នាយក នាយករង និងជំនួយការខុទ្ទកាល័យទាំង៣៨រូបនោះ អាចជាអតីតទីប្រឹក្សា និងជំនួយការរបស់លោក សាយ ឈុំ កាលលោកមានតំណែង ជាអនុប្រធានទីមួយនៃព្រឹទ្ធិសភា។
ដោយឡែក លោក ម៉ម សារិន អតីតនាយកខុទ្ទកាល័យ របស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ត្រូវបានព្រះមហាក្សត្រតែងតាំង ជាទីប្រឹក្សាឈរក្នុងលំដាប់លេខរៀងទី១ និងនាយខុទ្ធកាល័យ របស់ប្រធានព្រឹទ្ធិសភាថ្មី ដែលមានខានៈស្មើទេសរដ្ឋមន្រ្តី។
សូមបញ្ជាក់ថា រាល់ការតែងតាំងទីប្រឹក្សា និងជំនួយកា រយ៉ាង«ច្រើនសន្ធឹកសន្ធាប់» នៃមន្រ្តីថ្នាក់ធំនៅកម្ពុជាម្តងៗ តែងតែមានការរិះគន់មិនឈប់ឈរ ពីបណ្តាសាធារណៈជន អង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សប្រឆាំង។ ពួកគេយល់ថា ការតែងតាំងទីប្រឹក្សា និងជំនួយការទាំងនោះ ត្រូវចំណាយថវិការរដ្ឋច្រើន ដោយឥតប្រយោជន៍។ តាមអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិលោក ញ៉ែម ប៉ុញ្ញារិទ្ធ ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជារដ្ឋាភិបាលក្បាលធំ និងប្រើប្រាស់មនុស្សហួសប្រមាណ ក្នុងជួររដ្ឋាភិបាល។ សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
ឯមតិមួយទៀតបានលើកឡើងថា កាតតែងតាំង ទីប្រឹក្សា និងជំនួយការច្រើន សម្រាប់ប្រទេសកម្ពុជា មិនមានអ្វីចំលែកឡើង ព្រោះនេះជាទម្លាប់នៃមន្រ្តីនៅកម្ពុជា ដែលអនុវត្តបន្តបន្ទាប់គ្នា តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ អ្នកច្បាប់ម្នាក់ក្នុងគណបក្សសង្គ្រោះជាតិដែរ ធ្លាប់បានបញ្ជាក់យ៉ាងខ្លីថា៖ «ការទីប្រឹក្សា និងជំនួយការច្រើន ព្រោះខ្លួន “ល្ងង់” ដោយចង់បំបង់ថវិកាជាតិ?» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ។
» ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមបង្ហាញនូវព្រះរាជក្រឹត្យ តែងតាំងថ្មីនេះ ដើម្បីបានដឹងថា តើអ្នណាខ្លះធ្វើអ្វី មានតំណែងអ្វី និងឈ្មោះអ្វីខ្លះ ដូចខាងក្រោម (ចុចពីលើ ដើម្បីពង្រីកអាន)៖