ជួប«មុខមាត់»ប្អូនប្រុសខ្លួន នៅលើខ្លួនបុរសម្នាក់ទៀត
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 13, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះ ជាកំពូលវេជ្ជសាស្ត្រ ទើសមេឃ ដែលគេអាចវះកាត់ ប្ដូរទម្រង់មុខមនុស្សបាន ហើយក៏បានផ្ដល់ក្ដីសង្ឃឹម និងជីវិតមួយថ្មី ទៅមនុស្សដែលមានមុខ ខូចទ្រង់ទ្រាយនោះដែរ។ ប៉ុន្តែមិនមែនមានត្រឹមតែក្ដីសង្ឃឹមប៉ុណ្ណោះទេ តែវាថែមទាំង បានបង្កើតការរញ្ជួលចិត្ត ទៅដល់មនុស្សជាច្រើន ដែលនៅជុំវិញនោះទៀត។
យុវជន ចូសហាវ អាវ៉ែសាណូ (Joshua Aversano) បានស្លាប់ទៅទាំងវ័យក្មេង ត្រឹមតែអាយុ២១ឆ្នាំប៉ុណ្ណោះ ដោយបណ្ដាលមកពី គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី៣ឆ្នាំមុន។ ចំពោះយុវជន រីឆារ ណូរីស វិញ បានសឹងតែបានបាត់បង់ជីវិតទៅដែរ កាលពីឆ្នាំ១៩៩៧ ដោយសារតែបានលលេង ជាមួយនឹងកាំភ្លើង ហើយបានរាកៃ មកប៉ះចំមុខខ្លួនឯង។ តែមរណៈភាពរបស់យុវជន ចូសហាវ អាវ៉ែសាណូ បានផ្ដល់ក្ដីសង្ឃឹមថ្មី ទៅឲ្យយុវជន រីឆារ ណូរីស ដើម្បីបានរស់នៅ ដូចគេឯងជាបន្តទៀត។
ដោយសារប៉ិនប្រសព្វ របស់គ្រូពេទ្យជំនាញ ជាមួយនឹងប្រព័ន្ធវេជ្ជសាស្ត្រដ៏ទំនើបនោះផង ទើបធ្វើឲ្យយុវជន រីឆារ បានមានជីវិតថ្មី ដោយមានមុខមាត់របស់យុវជន ចូសហាវ។ ហើយក្នុងឱកាសថ្មីនេះ បងស្រីរបស់យុវជន ចូសហាវ គឺនាង រ៉ូបេកា អាវ៉ែសាណូ បានធ្វើដំណើរទៅជួបយុវជន រីឆារ ដើម្បីអាចឃើញឡើងវិញ នូវមុខមាត់ នៃអតីតបងប្អូនបង្កើតរបស់នាង។ មុខមាត់ដែលនាងធ្លាប់ស្គាល់ គឺប្អូនប្រុសនាង ដែលបានស្លាប់ទៅ អស់រយៈកាល៣ឆ្នាំមកហើយ។
យុវជន ចូសហាវ អាវ៉ែសាណូ នៅពេលមានជីវិត។
ការជួបគ្នាេះ ត្រូវបានថតដាក់ក្នុងកម្មវិធីទូរទស្សន៍មួយ នៅប្រទេសអូស្ត្រាលី ដែលមានចំណងជើងថា «៦០នាទី (60 Minutes)» ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅនេះ។ ជាការពិតហើយ ការជួបគ្នានេះ បានបង្កឲ្យមានការរញ្ជួលចិត្ត បានកើតឡើង ជាពិសេសសម្រាប់នាង រ៉េបេកា។ នាងបានថ្លែងឡើងថា៖ «នេះជាមុខមាត់ ដែលខ្ញុំធ្លាប់បានរស់នៅជាមួយ តាំងតែពីតូច រហូតដល់ធំ»។
នាងបានសួរទៅយុវជន រីឆារ ថា៖ «តើខ្ញុំអាចប៉ះមុខ របស់អ្នកឯងបានឬទេ?»
សម្រាប់គ្រួសាររបស់នាង រ៉ូបេកា ការកាន់មរណៈទុក្ខ ឲ្យយុវជន ចូសហាវ បានកន្លងផុត និងបានរសាយរួចខ្លះទៅហើយ ហើយក្ដីកង្វល់ផ្សេងៗ ក៏បានផុតរលត់អស់ដែរ។ ឪពុករបស់នាង រ៉ូបេកា ធ្លាប់បានថ្លែងកាលពីឆ្នាំ២០១៣មកថា៖ «ខ្ញុំគិតថា កូនខ្ញុំ ចូលហាវ ទំនងជាចង់បានអញ្ចឹង។ (...) ហើយនេះ ក៏ជាក្ដីសង្ឃឹមតែមួយគត់ សម្រាប់យុវជន រីឆារ ដែរ។»៕