គ្រីស្ទៀណាដូ រ៉ូណាល់ដូ លក់​ថ្លៃ​«មួយ​កោដ»!

ភ្នាក់ងារចាត់ការទូទៅ របស់កីឡាករអន្តរជាតិ គ្រីស្ទៀណាដូ រ៉ូណាល់ដូ (Cristiano Ronaldo) បានពន្យល់ពីមូលហេតុដ៏សំខាន់មួយ ដែលបញ្ជាក់ថា ហេតុអ្វីកីឡាករល្បីឈ្មោះ មិនចាកចេញពីក្រុម រៀលម៉ាឌ្រីដ (Real Madrid)។ ចំណុចសំខាន់នោះ គឺកីឡាករចង់ឲ្យខ្លួនមានតម្លៃស្មើ«មាស»។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស​ ថ្ងៃទី០៨ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 09, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ក្នុង​កិច្ច​សម្ភាស​ផ្ដាច់​មុខ​មួយ ផ្ដល់​ទៅ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) របស់​អង់គ្លេស លោក ហ្សក មេនដេស (Jorge Mendes ) ភ្នាក់ងា​ចាត់​ការ​ទូទៅ របស់​កីឡាករ គ្រីស្ទៀណាដូ រ៉ូណាល់ដូ ដ៏​ល្បី​ល្បាញ មិន​បាន​រារែក​ក្នុង​ការ​លើក​ឡើង​ថា កីឡាករ​ដែល​ខ្លួន​កំពុង​ចាត់​ចែង​ឲ្យ​នេះ ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​ប្រវត្តិ​បាល់​ទាត់​ពិភពលោក​នោះ​ឡើយ។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «(រ៉ូណាល់ដូ) ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាង​គេ នៅ​ក្នុង​ពិភពលោក។ មិន​អាច​រក​កីឡាករ​ណា​ផ្សេង មក​ប្រៀប​ផ្ទឺម​ជា​មួយ​គ្នា​បាន​ទេ។»

ការថ្លែងរបស់ភ្នាក់ងាររូបនេះ បានធ្វើឡើងបន្ទាប់ពីកីឡាករអន្តរជាតិ បានទទួលរង្វាន់«បាល់មាស» ជាលើក​ទីបី កាលពីខែកន្លងទៅ។ នៅក្រោមការជជីកសួររបស់អ្នកសារព័ត៌មានប៊ីប៊ីស៊ីនោះ ភ្នាក់ងាររូបនេះ​បាន​ទំលាយ​តម្លៃខ្លួនរបស់កីឡាករ រ៉ូណាល់ដូ ដែលមានកម្រិតដល់កំពូល៖ «១កោដ»។ ប៉ុន្តែលោក មេនដេស មិនបាន​បញ្ជាក់ថា តើមួយពាន់លាន ឬមួយកោដនេះ នឹងគិតជាលុយអ្វីនោះទេ។ តែបើទោះជា ១កោដលីវ (លុយ​អង់​គ្លេស) ឬអ៊ឺរ៉ូ ឬដុល្លា ក៏ដោយចុះ ក៏តម្លៃនេះប្រាកដជាពិបាកខ្លាំងណាស់ របស់ក្រុមបាល់ទាត់ជាច្រើន ក្នុង​ការ​ផ្សងសំណាងចង់ទិញយកកីឡាករនេះ មកទាត់ឲ្យក្រុមខ្លួន។

លោក មេនដេស បានបន្តអួតទៀតថា៖ «មិនអាចមាននរណា អាចជំនួស(រ៉ូណាល់ដូ) បានឡើយ»។

ប៉ុន្តែគេនៅមានក្ដីសង្ឃឹមមួយទៀត សម្រាប់ឲ្យក្រុមមួយចំនួន អាចយកទៅដេកយល់សប្ដិបាន។ លោក មេនដេស បានបន្តទៀតថា៖ «បើមានមូលហេតុមួយច្បាស់លាស់ត្រឹមត្រូវ ក្រុមរៀលម៉ាឌ្រីដ នឹងលក់ រ៉ូណាល់ដូ ហើយទាមទារតម្លៃ ៣០០លាន»។ ហើយតើក្រុមណា ដែលមានលុយដល់ថ្នាក់នេះ អាចយល់​សប្ដិចង់បាន រ៉ូណាល់ដូ មកទាត់ឲ្យខ្លួននោះ? លោក មេនដេស បន្តលើកយកក្រុមមួយចំនួន​ មកបញ្ជាក់ថា៖ «មេនឆេស្ទើរ យូណាយធីត (Manchester United) បាសឺឡូន (Barcelone) ឬក៏ក្រុម បាយឺន មូនីឆ (Bayern Munich)? ប្រាកដណាស់ ថាពួកគេសុទ្ធតែមានលទ្ធភាពនេះ។»

បើទោះជាក្រុមទាំងបីខាងលើ មានលទ្ធភាពខ្លាំងបែបណា ក៏ប្រហែលជាមិនទាន់ត្រូវសើចអរភ្លាមៗដែរ ព្រោះលោក មេនដេស បញ្ជាក់សារជាថ្មីថា CR7 នៅតែមានភក្ដីភាពជាមួយក្រុមទេវបុត្រសរ រៀលម៉ាឌ្រីដ ហើយថែមទាំងនិយាយទៀតថា រ៉ូណាល់ដូ ចង់បញ្ចប់អាជីព ជាកីឡាករបាល់ទាត់របស់ខ្លួន នៅជាមួយ​ក្រុម​របស់រាជធានីអេស្ប៉ាញមួយនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...