អ.ស.ប រំលឹករដ្ឋាភិបាលកម្ពុជា ពីកាតព្វកិច្ចខ្លួនចំពោះជនភៀសខ្លួនម៉ុងតាញ៉ា
- ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៩ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 19, 2014
- ប្រធានបទ: សន្ធិសញ្ញា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសេចក្ដីអំពាវនាវមួយ របស់អង្គការទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) របស់អង្គការសហប្រជាជាតិ ពីក្រុងហ្សឺណែវ ប្រទេសស្វីស ចុះថ្ងៃទី១៩ ខែធ្នូនេះ បានថ្លែងដឹងថា បន្ទាប់ពីបានរស់នៅលាក់ខ្លួន អស់រយៈពេលជាង៧សប្ដាហ៍ នៅក្នុងតំបន់ព្រៃភ្នំ នៃខេត្តរតនគីរី ភាគឦសានកម្ពុជានោះ ស្ថានភាពរបស់ជនភៀសខ្លួន ម៉ុងតាញ៉ាវៀតណាមទាំងនោះ បានប្រែក្លាយជាករណីគួរឲ្យបារម្ភ។ ពួកគេត្រូវបានរាយការណ៍មកថា កំពុងមានជំងឺបៀតបៀនជាច្រើន ដូចជាជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ រួមទាំងការភ័យខ្លាច ពីការចាប់ខ្លួន និងការចាប់បញ្ជូនខ្លួន ត្រឡប់ទៅប្រទេសវៀតណាមវិញ។ ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រុមជនជាតិម៉ុងតាញ៉ាទាំងនោះ បានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញខាងសាសនា នៅក្នុងប្រទេសវៀតណាម ដើម្បីស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសដទៃ។
ក្រុមការងារចម្រុះមួយ ដែលមានមន្ត្រីមកពីក្រសួងមហាផ្ទៃ និងមន្ត្រីរបស់អង្គការ UNHCR និង OHCHR បានធ្វើដំណើរទៅខេត្តរតនៈគីរី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ទី១១ ខែធ្នូ) ដើម្បីធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងស្វែងរកជនភៀសខ្លួនម៉ុងតាញ៉ាទាំងនោះ។ បើទោះបីជាមានការណែនាំច្បាស់លាស់ ពីលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចផ្ដល់ការសហការ ជាមួយក្រុមមន្ត្រីរបស់អង្គការសហប្រជាជាតិ ក៏ដោយ តែអាជ្ញាធរមូលដ្ឋាននៅខេត្តរតនគិរី បានបដិសេធមិនអនុញ្ញាតឱ្យមន្ត្រី អ.ស.ប អាចមានឱកាសជួបជាមួយជនភៀសខ្លួនទាំងនោះ ដើម្បីនាំពួកគេមករាជធានីឡើយ។ មិនត្រឹមតែប៉ុណ្ណឹង នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ អាជ្ញាធរខេត្តថែមទាំងបានរារាំង មិនឲ្យមន្ត្រី អ.ស.ប ចូលទៅកាន់ភូមិចរ៉ាយ ត្រង់ចំនុចស្រុកបរកែវ និងស្រុកលំផាត់ តំបន់ដែលជនភៀសខ្លួនទាំងនោះលាក់ខ្លួនថែមទៀត។
សេចក្ដីអំពាវនាវបានឲ្យដឹងទៀតថា ក្រុមកុលសម្ព័ន្ធភ្នំវៀតណាមទាំងនោះ កំពុងត្រូវបានរុករកចាប់ខ្លួន ហើយអាចនឹងត្រូវចាប់បញ្ជូនខ្លួន ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយក្រុមសមត្ថកិច្ចកម្ពុជា ដែលនៅប្រទេសវៀតណាម ពួកគេអាចនឹងមានបញ្ហាប្រឈមធ្ងន់ធ្ងរ។
អង្គការ UNHCR និងការិយាល័យ OHCHR អំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីធានាថា ក្រុមជនភៀសខ្លួនម៉ុងតាញ៉ាទាំងនោះ ត្រូវបាននាំទៅកាន់រាជធានីភ្នំពេញ និងមានមធ្យោបាយផ្លូវច្បាប់ នាំទៅដល់ការសុំសិទ្ធិជ្រកកោន នៅក្នុងក្របខណ្ឌនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ ស្តីពីជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលប្រទេសកម្ពុជាខ្លួនឯង ជាម្ចាស់ហត្ថលេខីមួយផង៕