ត្រាំង អ៊ីតឹក៖ ក្នុងម៉ូតូមួយអនុញ្ញាតឲ្យជិះបានបីនាក់ ម្នាក់ជាកូនក្មេង
- ដោយ: ក. វិច្ចនី អត្ថបទ៖ ក.វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 02, 2014
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមមើលទៅ អ្នកចង់បំបែកឯកត្តកម្មខាងជិះម៉ូតូ ដាក់គ្នាឲ្យច្រើននៅកម្ពុជា ទំនងជាលែងមានឱកាសទៀតហើយ។ នេះបើតាមច្បាប់ចរាចរណ៍ថ្មី ដែលកំពុងដាក់ឲ្យពិភាក្សានៅរដ្ឋសភាជាតិ។
លោក ត្រាំង អ៊ីតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ស្តីពីសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក នៅមន្ទីររដ្ឋសភាថា ច្បាប់ដែលកំពុងដាក់ ឲ្យធ្វើការពិភាក្សានេះ បានអនុញ្ញាតឲ្យអ្នកដំណើរ អាចជិះម៉ូតូមួយដែលមានគ្នាបីនាក់បាន និងមានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា។ ប៉ុន្តែអ្នកដំណើរម្នាក់ក្នុងចំនោមបីនាក់នោះ ត្រូវតែជាកូនក្មេង ទើបអនុញ្ញាតឲ្យជិះ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី បង្កឲ្យមានការអបអរពីពលរដ្ឋជាទូទៅ។ ព្រោះកន្លងមក គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងមួយភាគ ដោយសារតែអ្នកបើកបរម៉ូតូ ជិះម៉ូតូឌុបគ្នាមានរហូតដល់បួននាក់ ឬប្រាំនាក់ក៏មាន។ ពលរដ្ឋមួយរូប បានលើកឡើងពីការយល់ស្រប់របស់គាត់ ទៅនឹងការបង្កើតបញ្ញត្តិថ្មីនៅក្នុងច្បាប់នេះ ដោយសារតែវាអាចបង្ការ នូវរាល់គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការឆក់ប្លន់ ដែលតែងតែកើតមានជាញឹកញាប់។
និស្សិតផ្នែកសេដ្នកិច្ចមួយរូប កញ្ញា ឡុង សុខឃៀង បានយល់ស្របទៅនឹងច្បាប់ខាងលើ ដែលអនុញ្ញាតឲ្យជិះបីនាក់ និងម្នាក់ពីក្នុងចំណោមនេះ ជាកូនក្មេង។ កញ្ញាបានពន្យល់ថា ប្រសិនបើច្បាប់អនុញ្ញាតិ ឲ្យជិះគ្នាបីនាក់ហើយ សុទ្ធតែជាមនុស្សធំនោះ នឹងមានផលលំបាកដែរ ចំពោះការពាក់មួក។ សុខឃៀង បានសំណូមពរថា ប្រសិនបើមានការអនុម័តច្បាប់នេះមែន រដ្ឋាភិបាលត្រូវកំណត់ការពិន័យ ដល់អ្នកដែលមិនគោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ជៀសវាងការយកប្រាក់ពិន័យពីប្រជាពលរដ្ឋ លើសពីច្បាប់ដែលបានកំណត់។
លោក ត្រាំង អ៊ីតឹក បានថ្លែងបញ្ជាក់ទៀតថា មុននឹងធ្វើការអនុវត្តនូវច្បាប់ខាងលើ រដ្ឋាភិបាលនឹងធ្វើការផ្សព្វផ្សាយជាមុនសិន ដោយមិនធ្វើការចាប់ ឫពិន័យភ្លាមៗនោះទេ។ យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ ទើបនឹងត្រូវបានរដ្ឋសភា លើកមកពិភាក្សានៅក្នុងថ្ងៃពុធទី ០៣ ខែធ្នូ នេះបន្តទៀត៕