រថយន្តវីកូ បុកម៉ូតូ របួសធ្ងន់ នៅក្បែរផ្សារដើមគរ
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected])-ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 20, 2014
- ប្រធានបទ: គ្រោះថ្នាក់ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង១១និង២នាទី នៅថ្ងៃទី១៩ខែវិច្ឆិកា នៅផ្លូវ៣៣៦ កែងនឹងផ្លូវឈូកទិព្វ ឬឡាក់គីស្តា នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករដោយរថយន្តម៉ាក តូយ៉ូតា វីកូ ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ2K-9479បានបុកជាមួយម៉ូតូសង់ឌ្រីម សេរី២០១៤ ដែលពាក់ផ្លាកលេខ ភ្នំពេញCS-2606។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យអ្នកជិះម៉ូតូនៅខាងក្រោយមួយរូប ត្រូវរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។
សាក្សីនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ បើកបរពីលិចទៅកើត ចំណែកម៉ូតូរងគ្រោះបើកបរ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចផ្លូវបំបែក រថយន្តដែលរត់ក្នុងល្បឿនយ៉ាងលឿន បានចាប់ហ្វ្រាំងឡានមិនទាន់ បានបុកជាមួយម៉ូតូបណ្តាលឲ្យអ្នកស្រី នួន ហ៊ី ដែលជិះនៅខាងក្រោយ ត្រូវរបួសបែកក្បាលហូរឈាម។ ភ្លាមៗនោះ ម្ចាស់រថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ម្ចាស់ម៉ូតូរងគ្រោះ លោក ប៊ុត អូន រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង សព្វថ្ងៃជាអ្នករត់ម៉ូតូឌុបនៅភ្នំពេញ បានឲ្យដឹងថា ម៉ូតូរបស់លោក ត្រូវបានរថយន្ដបុកពេញទំហឹង ដួលទៅម្ខាង។ រីឯអ្នកមីង នួន ហ៊ី ត្រូវបានអួសបោកក្បាលនឹងថ្នល់ ដាច់សក់ពេញថ្នល់ហើយសន្លប់នៅនឹងកន្លែង។
ប៉ុន្តែនៅចំពោះមុខអ្នកយកព័ត៌មាន អ្នកស្រី នួន ហ៊ី បានងើបមកអង្គុយវិញ តែមិនដឹងថា ស្ថានភាពរបួសរបស់អ្នកស្រីយ៉ាងណានោះទេ។ រីឯរថយន្តបង្កហេតុវិញ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច យកទៅដំកល់ទុក នៅប៉ុស្ត៍ផ្សារដើមគរ ដើម្បីរងចាំម្ចាស់ មកធ្វើកាដោះស្រាយ៕