ចែកស្រោមអនាម័យជាង២សែន ដល់ពលរដ្ឋទូទៅ ក្នុងពីធីបុណ្យអុំទូកឆ្នាំ២០១៤
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 31, 2014
- ប្រធានបទ: អេដស៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍នៅកម្ពុជា មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានត្រៀមស្រោមអនាម័យ ចំនួន២៥០ពាន់ស្រោម សម្រាប់ចែកជូនពលរដ្ឋទូទៅ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលបានប្រារព្វពិធីបុណ្យអុំទូកឆ្នាំ២០១៤នេះ។ នេះបើតាមការអះអាង របស់លោកវេជ្ជបណ្ឌិត សេម ប៉េងស៊ាន ប្រធានប្រតិបត្តិការផ្នែកអាស៊ាន នៃអង្គការមួយនេះ នៅសណ្ឋាគារបៃតង កាលពីថ្ងៃទី៣១ ខែតុលានេះ។
ប្រធានប្រតិបត្តិការផ្នែកអាស៊ាន នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍រ បានបន្តថា ជាមួយនឹងការចែកជូននេះ ក៏មានភ្ជាប់ជាមួយនូវការបង្រៀន ពីរបៀបប្រើប្រាស់ និងពន្យល់ពីបញ្ហាមួយចំនួន ដែលនាំឲ្យជំងឺអេដស៍អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ផ្សេងទៀត តាមវិធីណាខ្លះ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំវេទិកាអេដស៍ពិភពលោក២០១៤ លោកវេជ្ជបណ្ឌិត សេម ប៉េងស៊ាន បានថ្លែងឲ្យដឹងទៀតថា ដើម្បីលើកកំពស់ការផ្តល់សេវា និងទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ក្នុងពីធីបុណ្យអុំទូកនេះ ក៏មានការធ្វើតេសឈាម ដើម្បីរកជំងឺអេដស៍ដល់ប្រជាពលរដ្ឋ ដែលមកចូលរួមទាំងនោះ ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់បំផុត។ ជាមួយការពិនិត្យនេះ ។
សកម្មជនស្ម័គ្រចិត្តម្នាក់ ដែលមានគម្រោងចូលរួម ចែកស្រោមអនាម័យឆ្នាំនេះ លោក សៅ វណ្ណា មកពីអង្គការវិថីជីវិត (VC) បានលើកឡើងថា លោកចង់ឲ្យមានការកាត់បន្ថយការរីករាលដាល នៃជំងឺអេដស៍នៅកម្ពុជា។ យោងតាមបទពិសោធន៍ជាក់ស្តែង កន្លងមក លោកអះអាងថា ភាគច្រើននៃស្រោមអនាម័យដែលត្រូវចែក ត្រូវធ្លាក់ដល់ដៃជាយុវជន សិស្ស និស្សិត ពិសេសកម្មកររោងចក្រតែម្តង។
ដោយឡែក អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ឡុង ឡាវី និងជាប្រធានលេខាធិការរដ្ឋានអេដស៍រាជធានី បានអំពាវនាវក្នុងឱកាសបុណ្យអុំទូកខាងមុខ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេច«អេដស៍» បើទោះជាអត្រា នៃអ្នកកើតជំងឺអេដស៍ឆ្នាំមុនៗធ្លាក់ចុះក៏ដោយ។ លោកបន្តថា៖ «ភាពសប្បាយរីករាយ និងអំណរសារទរនៃពិធីបុណប្យអុំទូក សូមកុំភ្លេចអេដស៍ ត្រូវប្រើស្រោមអនាម័យ»។
តាមការប៉ាន់ប្រមាណដែលចេញដោយ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មនុស្សចំនួន៣៥លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍។ ក្នុងចំណោមអ្នកទាំងនោះ មានតែ២១លាននាក់ប៉ុណ្ណោះ ដែលទទួលបានថ្នាំ ART។ មូលនិធិនេះ មានទិសដៅស្វែងរកការគាំទ្របន្ថែម ពីគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមផ្តល់នូវសេវាព្យាបាលជំងឺអេដស៍ ជាមួយនឹងការរំពឹងទុកថា ក្នុងឆ្នាំ២០២០ និងមានមនុស្សមិនតិចជាង២០លាននាក់ មកទទួលការព្យាបាលជំងឺអេដស៍នេះ៕