ពលរដ្ឋភូមិខ្វា៖ មាន​ទីលំនៅ​មិន​អាច​នៅ​បាន ព្រោះ​ទឹក​លិច​លង់ (vdo)

អ្នកភូមិជាច្រើនគ្រួសារ ដែលមានទីលំនៅស្ថិតក្នុងភូមិខ្វា ខណ្ឌដង្កោ ក្រុងភ្នំពេញ ត្រូវបានទឹកលិចលង់ មិនអាចរស់នៅ បានបង្ខំចិត្តស្វែងរកកន្លែងស្នាក់នៅ ជាបណ្ដោះអាសន្ននៅទីទួល និងជួលផ្ទះគេនៅជាដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 26, 2014
  • ប្រធានបទ: គ្រោះទឹកលិច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ទើរតែពាស​ពេញក្នុងរាជធានីភ្នំពេញ នៅ​ពេល​មាន​ភ្លៀង​ម្តងៗ តាម​បណ្តា​ផ្លូវ​នានា ត្រូវ​បាន​លិច​លង់ គ្មាន​ពេល​ស្រាក​ស្រាន។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ក្នុង​តំបន់​ភាគ​ច្រើន ដែល​មិន​ធ្លាប់​លិច​លង់​ដោយ​ទឹក​ភ្លៀង​ពី​មុន បែរ​ជា​កំពុង​រង​នូវ​ការ​លិច​លង់ ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​វិញ។ ហើយ​ការ​លិច​លង់​ទាំង​នោះ​ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា ព្រោះ​​តែ​ការ​ចាក់​ដី​បំពេញ​បឹង​លប់​ប្រឡាយ ដែលសុទ្ធសឹងជាប្រព័ន្ធបណ្ដោះទឹក​សំខាន់ៗ ជា​មួយ​​នឹង​ការ​មិន​រៀបចំ ​ឲ្យ​មាន​ប្រព័ន្ធ​លួ​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ដើម។

ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាតំបន់មួយ ក្នុង​ចំណោម​តំបន់​ជា​ច្រើន ដែល​រង​នឹង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង​ជា​ប្រចាំ​នេះ។ បើ​តាម​ការ​អះអាង របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ បាន​លើក​ឡើង​ពី​ផល​វិបាក​ចំពោះ​មុខ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​ថា ភូមិ​នេះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្តិច ត្រូវ​លិច​ហើយ។ យ៉ាង​ណា​ក៏​ដោយ ភាព​ជាក់​ស្តែង​នៃ​ការ​លិច​លង់​ស្ទើរ​តែ​ទាំង​ភូមិ​នេះ ប្រជា​ពលរដ្ឋ​បាន​បញ្ជាក់​ថា តាំង​ពី​ភ្ជុំ​បិណ្ឌ​រួច​មក ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​នឹង​ត្រូវ​លិច​ជា​មិន​ខាន។ ហើយ​​មក​ទល់​ពេល​នេះ ក៏​ជិត​បួន​ខែ​ដែរ ដែល​ទឹក​លិច​គ្មាន​ស្រក​សោះ។ ឯ​ខាង​អាជ្ញាធរ​វិញ នៅ​មិន​ទាន់​ឃើញ​បញ្ជាក់​ពី​ជំហរ ថា​នឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​ឡើយ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សួន ចាន់ស៊ីណា ពលរដ្ឋមួយរូប រស់នៅភូមិខ្វា ដែល​រងនិងការលិចលង់នេះ បានរៀបរាប់ពីទុក្ខលំបាក ក្នុងការរស់នៅជាមួយនឹងទឹកលិចលង់ គ្មានពេលស្រកនេះថា លិចបន្តបន្ទាប់គ្មានពេលស្រាក ពិបាកក្នុងការចូលមកស្នាក់នៅជាទីបំផុត។ លោកបញ្ជាក់ថា ក្នុងសង្កាត់លោក​មាន​ស្រះមួយ ដែលមានលោក ឧញា ម៉ៅ សុផល ជាម្ចាស់កម្មសិទ្ធិ បានបិទផ្លូវទឹក មិនឲ្យហូរចូលស្រះនោះ អាច​ជាហេតុមួយនៃការលិចនេះក៏ថាបាន។

កំពុងឈរក្នុងទឹក ត្រឹមចង្កេះដែរ អ្នកស្រី អៀង សំអុល រស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោជាមួយគ្នា បាន​លើក​ឡើងថា អ្នកស្រីបច្ចុប្បន្នមិនអាចរស់នៅក្នុងផ្ទះនោះបានទេ។ ព្រោះផ្ទះត្រូវលិចគ្មានកន្លែងអាច​នឹងរស់នៅ​បាន​ឡើយ។ អ្នកស្រីបន្តថា ពេលមានភ្លៀងម្តងៗ ភូមិនេះតែងតែលិចលង់ ហើយប្រជាពលរដ្ឋខ្លះ (អ្នកដែល​មាន​​ដី​ទាបជាងគេ) មិនអាចរស់នៅបានទេ។

ស្រ្តីមេម៉ាយ រូបនេះបន្តថា ផ្ទះអ្នកស្រីនេះបានលិចលង់ ក្នុងរយៈពេលជិតបួនខែហើយ។ អ្នកស្រីបច្ចុប្បន្នរស់នៅ ដោយការជួលផ្ទះគេនៅ។ មានផ្ទះ តែមិនអាចនៅបាន ព្រោះតែទឹកលិច។

អ្នកស្រីបានបន្តថា ពេលលិចនាដើមរដូវវស្សាដំបូង ប្រជាពលរដ្ឋរងគ្រោះទាំងបានទៅសង្កាត់ ដើម្បីសុំឲ្យជួយ​អន្តរាគមន៍ ហើយខាងសង្កាត់ក៏បានចុះមកបូមម្តង ក្រោយពេលភ្ជុំប៉ុន្មានថ្ងៃ។ បន្ទាប់ពីបានស្ងួតត្រឹមតែពីរបីថ្ងៃ ស្រាប់តែមានភ្លៀងធ្លាក់មកទៀត ហើយក៏បានបន្តលិចលង់ រហូតដល់បច្ចុប្បន្ននេះ។

ចំណែកអ្នកស្រី ចាន់ មេសា ឈរក្នុងទឹកដែលមានពណ៌ស្លែរ បានផ្តល់កិច្ចសម្ភាសថា អ្នកស្រីទើបនឹងមក​រស់​នៅ​ក្នុងភូមិនោះទេ។នៅមុនពេលរើផ្ទះ អ្នកស្រីមិនបានដឹងថា ភូមិនេះលិចយ៉ាងនេះឡើយ។ អ្នកស្រីបន្តថា យ៉ាង​ណាក៏ដោយប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមក្នុងការបង្វែរទឹកនេះចេញពីភូមិ បើទោះជាត្រូវការជំនួយ​ទាំងផ្នែកកម្លាំងកាយ ឬលុយកាក់មួយចំនួនក៏ដោយ។ តែបើគ្មានការជួយពីអាជ្ញាធរទេ អ្នកស្រីថា ប្រជាពលរដ្ឋ​ដែលមានផ្ទះហើយ តែបែរជាមិនអាចរស់នៅក្នុងផ្ទះខ្លួនឯងបានទៅវិញ។

អ្នកស្រី ចាន់ មេសា បាននិយាយទាំងភាពស្ដាយក្រោយថា៖ «ខ្ញុំមកទិញ(ផ្ទះ) ឃើញស្រះ(ក្នុងភូមិ)នេះ​គ្មាន​ទឹក​ទេ ហើយដីក៏ប្រេះក្រហែងដែរ ទើបសម្រេចចិត្តថាទិញ។ បើដឹងថាទឹកលិចអញ្ចឹង មិនទិញទេ។»

ប្រជាពលរដ្ឋរងគ្រោះ នឹងការលិចលង់ដោយទឹកភ្លៀងនេះ បាននាំគ្នា ស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ពិសេស​រដ្ឋាភិបាល ឲ្យជួយមានវិធានការ ក្នុងការបណ្តោះទឹកនេះចេញពីភូមិ ដើម្បីពួកគាត់អាចចូលមករស់នៅបានដូច​គេ​ឯងផង។ ប្រជាពលរដ្ឋទាំងនោះ បានបង្ហាញថា ភាពលិចលង់នេះបណ្តាលមកពី គ្មានបណ្តាញលូរហូចេញ ការ​បិទផ្លូវទឹកហូរចូលបឹង ការលប់ប្រឡាយទឹកជាដើម ដែលបណ្តាលឲ្យផ្ទះអ្នកភូមិទាំងអស់ ក្នុងសង្កាត់​ដង្កោ​នេះ លិចលង់ជាបន្តបន្ទាប់គ្មានលោះពេល។

ការលើកឡើងរបស់ក្រុមពលរដ្ឋក្នុងតំបន់នេះ មិនខុសពីក្ដីបារម្ភនានារបស់ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅ​ក្នុងតំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ហើយរងគ្រោះមិនស្វាងពីគ្រោះទឹកជំនន់ដោយទឹកភ្លៀងនេះឡើយ។ ពលរដ្ឋទាំងនោះ បាននរិះគន់យ៉ាងជូរចត់ ទៅលើនយោបាយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែប្រើប្រាស់ភាសាអភិវឌ្ឍន៍រាជធានី មកធ្វើជាខែល តែបែរជាបានសម្រុកលក់ និងលប់ដីបឹង​សំខាន់ៗ នៅក្នុង និងជុំវិញរាជធានី ដែលសុទ្ធសឹងជា តំបន់បណ្ដោះទឹកជំនន់។

តែ សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វិញ បានលើកឡើងថា ការជន់លិចរាជធានី ដោយសារ​តែ​ទឹកភ្លៀង​សម្រុក​មក​ខ្លាំង បង្កឲ្យ​កំពស់​ទឹកភ្លៀង​ឡើង​ជន​លិច​ផ្លូវ និង​លំនៅដ្ឋាន ហើយ​ប្រព័ន្ធ​លូក្នុងរាជធានី​មានសភាពតូចចង្អៀត ​ទឹក​ហូរ​មិនទាន់។ ថ្លែងក្នុងឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២​០១៤​ លោក ហ៊ុន សែន បាន​និយាយសុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យោគ​យល់ ព្រោះអាជ្ញាធរ​កំពុងតែ​ប្រឹងប្រែង​ ក្នុងការ​ទាញយក​ទឹក​ចេញ​ តាម​រយៈ​ការរៀបចំ​ប្រព័ន្ធ​លូ​ថ្មី និង​ពង្រីក​ប្រព័ន្ធ​លូ​បន្ថែមទៀត​។

ការយោគយល់ ជារឿងមួយ។ តែសួរថា តើអាជ្ញាធរដែនដី បានស្វះស្វែងយល់ពីទុក្ខធុរះ របស់ប្រជាពលរដ្ឋ ក្នុង​ភូមិ ខ្វា ដល់កម្រិតណា? ព្រោះកាលពីពេលថ្មីៗនេះ មុនពេលទឹកឡើង ដែលបានបំផ្លាញផ្ទះជាច្រើន​ខ្នងថែម​ទៀតនោះ ប្រជាពលរដ្ឋជាង១២០គ្រួសារ ដាក់លិខិតមួយ ទៅលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ស្នើ​សុំ​ម៉ាស៊ីនបូមទឹកមួយជាបន្ទាន់ តែនៅមិនមានចម្លើយអ្វីឡើយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមសុំ​ការ​បកស្រាយ ពីអាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានី ដើម្បីជម្រាបជូន នៅក្នុងអត្ថបទក្រោយរបស់ខ្លួន។

សូមទស្សនានូវកិច្ចសម្ភាសជាមួយពលរដ្ឋ និងទិដ្ឋភាពទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិ ខ្វា ខណ្ឌដង្កោ​ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...