ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)

បើអ្នកចូលចិត្តភាពភ្លឺផ្លេក ចែងចាំង ដោយសារនាឡិកាថ្លៃ ឬខ្សែក ចិញ្ចៀន ... អ្នកគួរតែសុំខ្មាស​មហាសេដ្ឋី​ជាតិ​​ឥណ្ឌា​ម្នាក់​នេះ ដែល​បានសម្រេចជាស្ថាពរ នូវក្ដីសុបិន្ដរបស់ខ្លួន ដោយបានផលិតនូវអាវ«មាស» ទម្ងន់​៤គីឡូ យក​​មក​ពាក់ ក្នុង​ថ្ងៃ​បុណ្យ​ខួប​កំណើត​៤៥ឆ្នាំ កាលពីពេលថ្មីៗ។ ការសម្រេចក្ដីសុបិន្ត ដែលបង្កឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ នៅ​​ជុំវិញ​ពិភពលោក។
ពាក់​«អាវ​មាស»​ទំងន់​៤​គីឡូ ដើម្បី​អបអរ​ខួប​កំណើត​របស់​ខ្លួន (vdo)
មហាសេដ្ឋី ពាក់អាវមាស លោក ប៉ានកាជ ប៉ារ៉ាខ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 12, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីនេះពីនោះ - ប៉ុន្តែបើពាក់អាវនេះ ចេញដើរតាមថ្នល់ អ្នកត្រូវមានអ្នកការពារឲ្យច្រើន តាមហែហម មិនសូវ​ខុស​គ្នា​ប៉ុន្មាន ពីមហាសេដ្ឋីជាតិឥណ្ឌាម្នាក់នេះ នៅក្នុងវីដេអូនោះទេ។ លោក ប៉ានកាជ ប៉ារ៉ាខ (Pankaj Parakh) អ្នកមាន​ទ្រព្យសម្បត្តិដ៏ហូរហៀរ ក្នុងក្រុងប៊ុមបៃ ពីវិស័យកាត់ដេរក្នុងប្រទេសឥណ្ឌា បានថ្លែង​ឡើង​ដូច​វា​ហីថា៖ «ខ្ញុំចង់ពាក់​នៅនឹងខ្លួន នូវអ្វីមួយដែលពិសេស ដើម្បីអរគុណព្រះជាម្ចាស់ ដែលផ្ដល់ភាព​ជោគជ័យ​ឲ្យខ្ញុំ»។

មិនខុសពីការលើកឡើងខាងលើនេះទេ ព្រោះព្រះអាទិទេពក្នុងសាសនា ហិណ្ឌូ ពិតជាអត់ទ្រាំ​មិន​សរសើរ​មិន​បាន នៅពេលបានទតអាវ«មាស» ដែលមានតម្លៃមិនតិចជាង ២សែនដុល្លារនេះ។ មហាសេដ្ឋីបានថ្លែង​ទៀត​ថា «ខ្ញុំតែង​តែមានអារម្មណ៍រំភើបខ្លាំងណាស់ ជាមួយមាស តាំងពីខ្ញុំមានអាយុ៥ឆ្នាំមកម្លេះ។ អំឡុងពេលនេះ ចំណង់​ចំណូលចិត្ត​នេះ បានក្លាយជារឿង ដែលអត់មិនបានក្នុងជីវិតរបស់ខ្ញុំ។ ដូច្នេះ វាពិតហើយ ដែលខ្ញុំ​ត្រូវ​ពិនិត្យ​មើល​ថា តើខ្ញុំអាចធ្វើអ្វី​បាន សម្រាប់បុណ្យខួបកំណើត៤៥ឆ្នាំរបស់ខ្ញុំ។»។

ដើម្បីផលិតចេញនូវអាវនេះបាន គេត្រូវការយ៉ាងហោច នូវពេលវេលា៣២០០ម៉ោង របស់ជាងមាស​ចំនួន​២០​នាក់។ ដោយទំនងជាមិនសូវសប្បាយចិត្ត នឹងការបង់ពន្ធ ដែលមានចំនួនច្រើនជ្រុលនោះ លោក ប៉ានកាជ ប៉ារ៉ាខ បាន​និយាយទៀតថា៖​ «អាវនេះ បានប្រើប្រាស់ប្រាក់កាស របស់ក្រុមហ៊ុនរបស់ខ្ញុំ។ វាអាចត្រូវ​បាន​សំអាត និងរៀបចំ​ព្យួរ​ទុក នៅក្នុងទូយ៉ាងស្រួល។ បើវាខូច ឬរហែក វានឹងអាចជួលជុលបានវិញភ្លាមៗ»។

យ៉ាងណាក៏ដោយ លោកនិយាយថា បើទោះជាគ្មានអាវនេះ ក៏លោកតែងមានជាប់នឹងខ្លួន នូវគ្រឿង​អលង្កា​ជា​មាស ក្នុងទម្ងន់យ៉ាងហោច២ទៅ៣គីឡូក្រាមដែរ។ «ខ្ញុំទទួលស្គាល់ថា ត្រូវតែមាន​ភាពក្លាហាន ទើបអាច​ពាក់​វា​បាន» លោក​មហាសេដ្ឋី បាននិយាយបន្ថែមតាមបែបកំប្លែង «ក្លាហាន និងម្យ៉ាងទៀត ត្រូវមានកាំភ្លើង​រ៉វុលវ៉ែ​មួយ ដាក់តាមជាមួយ ដូចខ្ញុំនៅពេលចេញដើរតាមផ្លូវ»៕

ទស្សនាវីដេអូរបស់មហាសេដ្ឋី អាវមាស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...