សម្ព័ន្ធយុវជនប្ដូរជំហរ លែងឱ្យវៀតណាមសុំទោសហើយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមសម្ព័ន្ថយុវជន ដែលបានធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីឱ្យអ្នកនាំពាក្យវៀតណាម សុំទោសជាសាធារណៈ ចំពោះការដែលនិយាយថា ទឹកដីកម្ពុជាជាទឹកដីពីដូនតារបស់ខ្លួន បានប្តូរគោលជំហរវិញ ដោយមិនឱ្យអ្នកនាំពាក្យរូបនោះសុំទោសនោះទេ ប៉ុន្តែរដ្ឋាភិបាលវៀតណាម ត្រូវតែធ្វើការបកស្រាយថា ទឹកដីកម្ពុជាក្រោមជាអតីតទឹកដីរបស់ខ្មែរ។
សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)
ការបាត់បង់ទឹកដី - សម្ព័ន្ធយុវជនទាំង៧ក្រុមដែលរួមមាន សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា យុវជនខ្មែរមហានគរ សមាគមន៍ទស្សនៈយុវជនខ្មែរ យុវជនដើម្បីសន្តិភាព ICambodia យុវជនដើម្បីប្រជាធិបតេយ្យ I Love Cambodia Hot News និង I Love Cambodia Hot News II ដែលបានធ្វើការតវ៉ា នៅមុខស្ថានទូតវៀតណាម កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះ នៅក្នុងសន្និសិទកាសែតនៅពីព្រឹកថ្ងៃទី០៩ ខែកក្កដា បានបញ្ជាក់គោលជាថ្មីថា នឹងត្រៀមនឹងធ្វើបាតុកម្មសារជាថ្មី ដើម្បីឱ្យប្រទេសវៀតណាម ទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោមដែលវៀតណាមកាន់កាប់សព្វថ្ងៃនេះ គឺជាអតីតទឹកដីរបស់ខ្មែរ ដែលបារាំងបានកាត់ឱ្យកាលពីឆ្នាំ១៩៤៩។
ការដែលស្នើឱ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ទឹកដី កម្ពុជាក្រោមជារបស់ខ្មែរនេះ ដើម្បីឱ្យវៀតណាមទទួលខុសត្រូវនូវអ្វីដែលជាប្រវត្តិសាស្រ្ត និងដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ ដឹងនូវអ្វីដែលជាប្រវត្តិសាស្រ្តពិត។
បាតុកម្មជាថ្មីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលមានគម្រោងដាក់ញតិទៅស្ថានទូតនានាដូច អាមេរិច អង់គ្លេស រុស្ស៊ី ចិន វៀតណាម ជាពិសេសស្ថាទូតបារាំង។ ប្រធានយុវជនដើម្បីសន្តិភាព លោក អឿ ណារិត បានឱ្យដឹងថា ដើម្បីជាការបន្ទន់ឥរិយាបថរៀងៗខ្លួន ជាការគោរពគ្នាទៅវិញទៅមក ខាងក្រុមយុវជន នឹងមិនឱ្យអ្នកនាំពាក្យ របស់ស្ថានទូតវៀតណាម លោក ទ្រឹង វ៉ាន់ថុង សុំទោសនោះទេ ប៉ុន្តែប្រទេសវៀតណាមត្រូវតែទទួលស្គាល់ជាផ្លូវការ ទាំងជាតិនិងអន្តរជាតិថា ទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ប្រទេសកម្ពុជា។
ប្រធានយុវជនរូបនេះបន្តថា៖ «យើងនឹងមានការតវ៉ា យើងនឹងបន្តការតវ៉ារហូតដល់មានដំណោះស្រាយ បើមិនមានដំណោះស្រាយទេ ពួកយើងនឹងបន្តការតវ៉ាជារៀងរហូត រហូតដល់ប្រទេសវៀតណាម ទទួលស្គាល់ថានេះជាកំហុសឆ្គង»។
កញ្ញា ទីតា តំណាងឱ្យក្រុមយុវជនមកពី I Love Cambodia Hot News បានបញ្ជាក់ថា ចំពោះការទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោមជារបស់ខ្មែរនេះ រដ្ឋាភិបាលបាលវៀតណាម ត្រូវតែធ្វើជាសេចក្តីថ្លែងការជាលាយល័ក្ខអក្សរ។ កញ្ញាបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមផ្តាំផ្ញើទៅរដ្ឋាភិបាលយួន សូមកុំបន្លំជាមួយនឹងប្រវត្តិសាស្រ្តរបស់ខ្មែរ ព្រោះអីប្រវត្តិសាស្រ្តរបស់ខ្មែរ មានជាយូមកហើយមិនមែនទើបតែមានទេ។ ក្នុងការដែលគាត់ កំពុងបន្លំប្រវត្តិសាស្រ្ត មានន័យគាត់កំពុងតែធ្វើចោរលួច។»៕