ប្រាសាទព្រះវិហារ៖ កម្ពុជាថាដក តែថៃថាដាក់

ផ្ទុយពីដីការបង្គាប់ របស់តុលាការអន្តរជាតិ ដែលតំរូវអោយ កងទ័ពទាំងសងខាង ត្រូវដកចេញពីតំបន់ ជុំវិញ ប្រាសាទព្រះវិហារនោះ កងទ័ពរបស់ប្រទេសកម្ពុជា និងថៃនៅតែមានវត្តមាន នៅទីនោះនៅឡើយ នៅរយះពេល ជិតមួយឆ្នាំមកនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទុយពីដីការបង្គាប់ របស់តុលាការអន្តរជាតិ ដែលតំរូវអោយ កងទ័ពទាំងសងខាង ត្រូវដកចេញពីតំបន់ ជុំវិញ ប្រាសាទព្រះវិហារនោះ កងទ័ពរបស់ប្រទេសកម្ពុជា និងថៃនៅតែមានវត្តមាន នៅទីនោះនៅឡើយ នៅរយះពេល ជិតមួយឆ្នាំមកនេះ។ តែកម្ពុជាទើបនឹងប្រកាស ថានឹងដកកងទ័ពរបស់ខ្លួន នៅថ្ងៃខួបគម្រប់១ឆ្នាំ នៃការចេញដីការ របស់តុលាការ។ ជាការប្រកាសមួយ ដែលនឹងធ្វើអោយមាន ការផ្លាស់ប្ដូរ នៅក្នុងសំនុំរឿង ប្រាសាទព្រះវិហារ។ ចុះខាងថៃវិញ?


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

ជាជម្លោះដ៏រ៉ាំរ៉ៃ នៅតំបន់ជុំវិញប្រាសាទ ព្រះវិហារ ដ៏ចំណាស់របស់ខ្មែរ ហើយភាពតានតឹង បានកើនឡើងខ្លាំង នៅពេល ដែលកម្ពុជាបានដាក់ប្រាសាទនេះ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌរបស់អង្គការអ៊ុយនីស្កូ (UNISCO) ហើយត្រូវបានអង្គការនេះ ទទួលយកសំណើរនេះ កាលពីខែកក្កដាឆ្នាំ២០០៨។ អ្នកកាន់អំណាចថៃ បានឆ្លៀតឱកាស ប្រើប្រាស់ជម្លោះ ដែលកំពុង ឆេះងំស្រាប់ រវាងប្រជាជាតិពីរនេះ អោយក្លាយជាជម្លោះព្រំដែន ដ៏រីករាលដាលដ៏ខ្លាំងមួយ ដើម្បីជាការកេងចំណេញខាង នយោបាយ ខណៈប្រទេសថៃក្នុងពេលនោះ  មានចលនានយោបាយវឹកវរខ្លាំង នៅក្នុងប្រទេស ជាពិសេសរវាង ពួកអាវ លឿង និងអាវក្រហម។ ភ្លើងជម្លោះដែលឆេះ សឹងតែក្លាយជាសង្រ្គាម ដោយមានការជួបប្រយុទ្ធគ្នា រវាងកងទ័ព នៃប្រទេស ទាំងពីរ កាលឆ្នាំ ២០១០ និងឆ្នាំ២០១១ បង្កអោយមានទាហ៊ានស្លាប់ប្រមាណជា ៣០នាក់ ទាំងសងខាង។

ប្រទេសកម្ពុជា បានដាក់ពាក្យបណ្ដឹងមួយ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលមានទីតាំងនៅទីក្រុង ឡាអេ (La Haye) ក្នុងប្រទេសហូឡង់។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការនេះបានចេញដីការបង្គាប់ ដើម្បីដោះស្រាយបញ្ហានេះ ជាបណ្ដោះអាសន្នសិន។ នៅក្នុងដីកានោះ​ តុលាការបានបង្គាប់អោយ ប្រទេសទាំងពីរ ដកទាហ៊ាន ចេញពីតំបន់ជុំវិញ ប្រាសាទ ជាពិសេសត្រូវទុក តំបន់ដែលមានផ្ទៃក្រឡា ១៧,៣គីឡូម៉ែត្រក្រឡា នៅជាតំបន់គ្មានកងទ័ព។


តំបន់គ្មានកងទ័ព ដែលមានផ្ទៃក្រឡា ១៧,៣គីឡូម៉ែត្រក្រឡា កំណត់ដោយ តុលាការយុត្តិធម៌អន្ថរជាតិ។

បើគិតមកទល់នឹងថ្ងៃ ដែលតុលាការអន្តជាតិចេញដីកានោះ ជិតរយះពេលមួយឆ្នាំហើយ ដែលគ្មានអ្វីបានប្រែប្រួលប៉ុន្មានទេ នៅក្នុងតំបន់បង្គាប់បញ្ជានេះ។ កងកម្លាំងដែលឈរនៅប្រឈមមុខដាក់គ្នានេះ​ នៅតែបន្តឈរជើងយ៉ាងរឹងមាំដដែល។ ទាំង ទីក្រុងភ្នំពេញ ទាំងទីក្រុងបាងកក បានចោទគ្នាទៅវិញទៅមក ថាមិនគោរពដីការរបស់តុលាការ ដោយសំអាងលើ ហេតុផល ផ្សេងៗ។

កម្ពុជានឹងដកកងទ៍ព

នៅ​រសៀល​ថ្ងៃ​ទី​១៣​កក្កដា ឆ្នាំ​២០១២នេះ ការផ្លាស់ប្ដូរមួយ បានទាក់ទាញ ការចាប់អារម្មណ៍សារជាថ្មី។ លោករដ្ឋមន្ដ្រី ការបរទេសខ្មែរ ហោ ណាំហុង បាន​លើកឡើងជាផ្លូវការ ​ក្នុង​សន្និសីទ​កាសែតមួយ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ថា កម្ពុជា​ នឹងដក​កងទ័ព​ជាង ៤៨០​នាក់ ចេញ​ពី​តំបន់​គ្មាន​កងទ័ព នៅ​ថ្ងៃ​ទី​១៨​កក្កដា​ខាង​មុខ ដែលត្រូវ ជាថ្ងៃខួបគម្រប់មួយឆ្នាំ នៃដីការសំរេចចេញដោយតុលាការអន្តរជាតិ។

តាម​លោកប្រមុខ​ការទូត​កម្ពុជា លោកបានបញ្ជាក់ថា ការសម្រេច​ចិត្ត​ ជា​ឯកតោភាគី​របស់​កម្ពុជា​ដូច្នេះ «ដើម្បី​ជា​សញ្ញា​មួយ បង្ហាញ​ពី​សុឆន្ទៈ​របស់​កម្ពុជា ក្នុង​ការអនុវត្តន៍​​តាម​ ការសម្រេច​របស់​តុលាការ​អន្តរជាតិ។»។ លោក បានបន្ថែមថា «ជំហរ​កម្ពុជា គឺ​កងទ័ព​យើង អាច​ដក​បាន​ក្នុង ២៤​ម៉ោង ចេញ​ពី​តំបន់​គ្មាន​កងទ័ព។ ក៏ប៉ុន្តែ​មួយឆ្នាំ​មកហើយ មាន​ការរាំងស្ទះ គឺ​មកពី​ភាគី​ម្ខាង​ទៀត ដែល​រក​លេស​ជា​បន្តបន្ទាប់ ដើម្បី​ពន្យឺត​ក្នុង​ការដក​កងទ័ព​នេះ។»

ការដកទ័ពនេះ ក៏ត្រូវ​ក្រសួង​ការពារ​ជាតិ ប្រកាស​ដូចគ្នា នៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ នៅ​ថ្ងៃ​១៣​កក្កដា​នេះ​ផងដែរ។​

ថៃថា នឹងដាក់បន្ត

ចំណែកឯខាងកងទ័ពថៃឯណោះវិញ នឹងមិនមានការដកចេញទេ តែផ្ទុយទៅវិញ នឹងរាយដាក់បន្ថែមជាបន្តទៅទៀត។ នេះ បើតាមការអោយដឹង របស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ស៊ុគំពល ស៊ូវាណាតាត (Sukumpol Suwanatat) ចុះផ្សាយ ក្នុងកាសែត បាងកកប៉ុស្ត៍ កាលពីថ្ងៃទី ១២ កក្កដា មុនមួយថ្ងៃ ការប្រកាសជាផ្លូវការរបស់ ប្រទេសកម្ពុជា។ លោកបន្ថែមថា «ការរាយដាក់បន្ថែមនេះ ជាការព្រមព្រៀង នៅលើផែនការការពារជាតិ ទៅតាមអ្វីដែល សភាពការណ៍ជាក់ស្ដែង នៅនឹង កន្លែងតំរូវអោយធ្វើ។» ប្រភពមួយទៀត បានបញ្ជាក់ផងដែរ ថាមានការបញ្ជូន កងកម្លាំងអន្តរាគមន៍ ទៅតំបន់ជុំវិញ ប្រាសាទនោះ ក្នុងអំឡុងពេល បីខែចុងក្រោយនេះ។

សូមបញ្ជាកថា តុលាការយុត្តិធម៌ទីក្រុងឡាអេដដែល បានកាត់សេចក្ដីកាលពីឆ្នាំ១៩៦២ ថាប្រាសាទព្រះវិហារ មានចំណាស់ ជាង ១ ០០០ឆ្នាំ ស្ថិតនៅក្នុងទឹកដី និងជាសម្បតិទ្រព្យ របស់ប្រទេសកម្ពុជា។ ហើយពាក្យបណ្ដឹងថ្មី កាលពីឆ្នាំ ២០១១ កន្លង មក កម្ពុជាបានសុំអោយ តុលាការនេះបកស្រាយ អោយច្បាស់ឡើងវិញ ពីសាលដីការឆ្នាំ១៩៦២  ជាពិសេស ទាក់ទង នឹងទឹកដីជុំវិញប្រាសាទ ៤,៦ គីឡូម៉ែត្រក្រឡា ដែលប្រទេសថៃ បានទាមទារថាជារបស់ខ្លួន៕

-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...