រដ្ឋទូតអ៊ឺរ៉ុប៖ «សិទ្ធិទទួលបានព័ត៌មាន»នៅកម្ពុជា ជំរុញឲ្យមន្ត្រីមានការទទួលខុសត្រូវ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា បានបង្ហាញពីភាពមិនច្បាស់លាស់នៃ «មន្រ្តីរាជការស៊ីវិល» ដែលទទួលបានប្រាក់បៀរវត្សពីរាជការ ពីពលរដ្ឋ តែបែរជាមិនយល់ច្បាស់ ពីការទទួលខុសត្រូវក្នុងការងាររបស់ខ្លួនទៅវិញ។ លោកបានថ្លែងឡើងថា សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដើម្បីជម្រុញឲ្យមន្ត្រីទាំងនោះ មានការទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន។
លោក ហ្សង់ ហ្វ្រង់ស៊័រ កង់តាំង ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៣ ក្នុងសណ្ឋាគារអ៊ីនធើខន។ (រូបថត MONOROOM.info/ O. Vary)
សេរីភាពផ្នែកព័ត៌មាន - ថ្លែងក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ នៅសណ្ឋាគារអ៊ីនធើខន ស្ដីពី«សិទ្ធិទទួលបានព័ត៌មាន»នៅកម្ពុជា ថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៣នេះ លោកហ្សង់ ហ្វ្រង់ស៊័រ កូតាំង បានបញ្ជាក់ថា «ការទទួលបានព័ត៌មានដោយតម្លាភាព ជាធាតុផ្សំយ៉ាងសំខាន់ ធ្វើឲ្យរដ្ឋាភិបាល និងមន្រ្តីរាជការទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋ»។ លោកលើកឡើងថា សិទ្ធិទទួលបានព័ត៌មាន នឹងអាចធ្វើឲ្យរដ្ឋាភិបាលធ្វើការបង្ហាញនូវតម្លាភាព ពិសេសទៅលើការចំណាយនៃថវិការជាតិ មើលឃើញថាមានសារៈសំខាន់បំផុត។ លោកបានភ្ជាប់បញ្ហានេះរវាងរដ្ឋាភិបាលកម្ពុជា ជាមួយនឹង អាជ្ញាធរមូលដ្ឋានសម្រាប់ការអនុវត្តនូវវិមជ្ឈការ និងវិសហមជ្ឈការ ដែលអាចធ្វើឲ្យអ្នកមូលដ្ឋាន ទទួលបាននូវព័ត៌មាន ដែលជាសារៈសំខាន់ ក្នុងការកំណែទម្រង់បញ្ហាទាំងពីរ (វិមជ្ឈការ និងវិសហមជ្ឈការ) នេះ។ លោកបានចាត់ទុកថា ច្បាប់ស្តីពីការទទួលបានព័ត៌មាន មានសារៈសំខាន់ដែលធ្វើឲ្យប្រជាពលរដ្ឋ មានសិទ្ធិក្នុងការស្នើសុំ។
ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ មិនអាចទាក់ទងមន្រ្តីនៃក្រសួងព័ត៌មានបានទេ ក្នុងល្ងាចនេះ។ ប៉ុន្តែពាក់ព័ន្ធនឹងសិទ្ធិទទួលបានព័ត៌មាន កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានឲ្យរដ្ឋាភិបាលថ្នាក់ក្រោម និងស្ថាប័នសាធារណៈដែលពាក់ព័ន្ធឲ្យអនុវត្តសេចក្តីប្រកាសអន្តរក្រសូង ស្តីពីការបង្កើតមន្រ្តី និងអ្នកនាំពាក់ព័ត៌មានប្រចាំក្រសួង ស្ថាប័ននីមួយៗ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ រវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសូងព័ត៌មាន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ បានតម្រូវឲ្យក្រសួងព័ត៌មានជាអ្នកជំរុញ និងនាំមុខ ជាមួយនឹងដៃគូរពាក់ព័ន្ធមួយចំនួនទៀត រៀបចំធ្វើការអភិវឌ្ឍន៍នៃសេចក្តីព្រាងច្បាប់ស្តីពី«សិទ្ធិទទួលបានព័ត៌មាន»នេះ ដែលនឹងត្រូវអនុម័តនាពេលខាងមុខ។
ឯលោក សុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ លោកបានបញ្ជាក់ថា លោកនឹងមិនមានការសង្ឃឹមទុកជាមុន ក្នុងពេលដែលច្បាប់នេះដាក់ចូលទៅរដ្ឋសភាជាតិ ដែលមានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា តែមួយដូច្នេះនោះឡើយ។ លោកបានបញ្ជាក់យ៉ាដូច្នេះថា «ខ្ញុំមិនដឹងថា តើវានឹងទៅជាយ៉ាងណាទេ តែយើងនឹងចូលរួមឲ្យបានជាអតិបរមា ដើម្បីជំរុញយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះ រៀបចំទៅឲ្យមានគុណភាព។ យើងមិនដឹងថាប៉ុន្មានខែទៀត ការអនុម័តនោះនឹងមានភាពប្រែប្រួលយ៉ាងណានោះទេ។»
សូមរម្លឹកថា «សេចក្តីព្រាងច្បាប់ស្តីបីសិទ្ធិទទួលបានព័ត៌មាន»នេះ អំឡុងឆ្នាំ២០០៤ ទីស្តីការគណរដ្ឋមន្រ្តី បានប្រគល់សិទ្ធិឲ្យទៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្នុងការបង្កើតសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលស្តីបីសិទ្ធិទទួលបានព័ត៌មាន។ សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ក៏ត្រូវបានបញ្ចប់នៅចុងខែសីហា ឆ្នាំ២០០៧។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១០ គណបក្សសម រស្ស៊ី ក៏បានដាក់សំណើរលើកជាលើកដំបូង និងនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១២ បានដាក់ជាលើកទីពីរទៅកាន់រដ្ឋសភាជាតិ ដើម្បីស្នើសុំអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ តែសំណើរទាំងនោះត្រូវបានច្រានចោលដោយរដ្ឋសភា។ នេះបើយោងតាមឯកសារទស្សនាទាន របស់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ