អ៊ឺរ៉ូ២០១២៖ ក្រុមជំរើសជាតិបារាំង មិនចង់ឆ្លើយ នឹងសំនួរបញ្ឆិតបញ្ឆៀង
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 07, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពេលត្រូវបានអ្នកកាសែតសួរ នៅថ្ងៃព្រហស្បត្តិ៍នេះ សំនួរដែលទាក់ទងនឹង ពាក្យនិយាយលេងរបស់ លោក មីស៊ែល ផ្លាទីនី Michel Platini នាយក អ៊ុយអ៊ឺហ្វា ដែលនិយាយបញ្ឆិតបញ្ឆៀង ដាក់ក្រុមជំរើសជាតិបារាំងនោះ កីឡាករ ហ្វ្រង់ រីប៊េរី Franck Ribéry កីឡាកររបស់ក្រុមបាល់ទាត់បារាំងនេះ បានជ្រើសរើសមិនឆ្លើយតប។
លោកមីស៊ែល ផ្លាទីនី ជាអតីតកីឡាករ អន្តរជាតិបារាំង មួយរូប ដែលធ្លាប់ទទួលបាន បាល់មាសចំនួនបីដង នៅឆ្នាំ១៩៨៣ និង ១៩៨៥ គាត់ជានាយក របស់សមាគបាល់ទាត់របស់សហគមន៍អ៊ឺរ៉ុប UEFA តាំងពីឆ្នាំ២០០៧ រហូតមកដល់សព្វថ្ងៃ។ គាត់បានធ្វើអោយគេដឹង សឹងតែគ្រប់ៗគ្នាថា គាត់ចូលចិត្តនិយាយ កំប្លែងលេងជាទីបំផុត ជាពិសេស គឺលេងពាក្យ បញ្ឆិតបញ្ឆៀងឌឺដង អោយក្រុមជំរើសជាតិបារាំងនេះតែម្ដង។
ឆ្លើយនឹងសំនួររបស់អ្នកកាសែតកាលពីថ្ងៃពុធកន្លងទៅ ដែលសួរថា តើ ក្រុមជំរើសជាតិបារាំង អាចមានសង្ឃឹមថា និងអាចឈ្នះពានរង្វាន់អ៊ឺរ៉ុប ២០១២ ? គាត់ឆ្លើយថា ជាមួយនឹងគ្រូបង្វឹកថ្មី លោកឡូរ៉ង់ ប្លង់ Laurent Blanc ក្រុមកីឡាករ បារាំង អាចមានផ្លូវ នឹងលើកពានរង្វាន់បាន នៅទីវគ្គផ្ដាច់ព្រ័ត្រ តែក្នុងលក្ខខ័ណ្ឌមួយ គឺ «ដែលក្រុមកីឡាករទាំងនេះ ត្រូវតែចុះចេញពីរថយន្ដ ដែលដឹកពួកគាត់!!!»
សូមរំលឹកឡើងវិញ កាលពីចេញទៅប្រកួតនៅ ប្រទេសអាហ្វ្រិចខាងត្បូងឆ្នាំ ២០១០ ដើម្បីទាត់ដណ្ដើមយកពានរង្វាន់ ពិភពលោកនោះ ក្រុមជំរើសជាតិបារាំងនេះ បាន«ងក់ងរ» មិនចុះចេញពីរថយន្ត មកហាត់សម នោះទេ។ ពេលនោះ រឿងអាស្រូវរបស់ ក្រុមជំរើសជាតិនេះ បានធ្វើអោយមាន ការក្ដៅក្រហាយយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងបង្កើត អោយមានជាសង្គ្រាម ពាក្យសំដីមិនតិចទេ។ ដូច្នេះហើយ ការចេញទៅអ៊ឺរ៉ូ ២០១២ ពេលនេះ វាជាការពិតហើយដែល កីឡាករបារាំងម្នាក់ៗ ខិតខំកាយកប់ រឿងដ៏គួរអោយខ្មាសគេក្នុងពិភពលោកមួយនេះ ហើយខិតខំបញ្ចេញមកវិញ នូវបរិយាកាសយ៉ាងល្អ គួរជាទីទុកចិត្ត ទៅដល់បណ្ដាអ្នក គាំទ្រនោះ។
ឆ្លើយតបនឹងសំនួររបស់ អ្នកកាសែត នៅថ្ងៃព្រហស្បត្តិ៍ទី០៧ មិថុនានេះ ដែលលើកពីពាក្យរបស់ លោក មីស៊ែល ផ្លាទីនី ដូចខាងលើនេះ កីឡាករ ហ្វ្រង់ រីប៊េរី ដែលទាត់នៅខ្សែរបំរើ ដ៏ល្បី របស់ក្រុមបាល់ទាត់ របស់ប្រទេសបារាំង បានបដិសេធមិនឆ្លើយតប ដោយគ្រាន់តែនិយាយយ៉ាងខ្លី៖ «លោកជឿថា ខ្ញុំចង់ឆ្លើយ នឹងសំនួរនេះ ណាស់ទៅឬ?»
------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Source d'info : Reuters