«ចម្រៀង» និងសារប្រយោជន៍របស់វា

ដោយឡែកចម្រៀង គឺជាមធ្យោបាយ នៃការព្យាបាលសុខភាពផ្លូវចិត្តមនុស្ស ដ៏មានប្រសិទ្ធភាពមួយប្រភេទ តាមរយៈសូរសៀង ។ មិនថាតែអ្នកច្រៀង ឬអ្នកស្តាប់ឡើយ ពួកគេ គឺសុទ្ធតែត្រូវការចម្រៀងទាំងអស់ ។ នៅពេលកូនយំ ម្តាយភាគច្រើន លោកតែងប្រើចម្រៀងមកច្រៀងបំពេរកូនសម្រាប់ជាមធ្យោបាយលួងលោក ធ្វើឲ្យកូនឈប់យំនិងបែរមករកភាពសប្បាយរីករាយវិញ ។ តើលោកអ្នកជ្រាបទេថា ចម្រៀងគឺ ជាអ្វី?
Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: May 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចម្រៀង គឺជាមធ្យោបាយ នៃការព្យាបាលសុខភាពផ្លូវចិត្តមនុស្ស ដ៏មានប្រសិទ្ធភាពមួយប្រភេទ តាមរយៈ សូរសៀង។ មិន​ថាតែអ្នកច្រៀង ឬអ្នកស្តាប់ឡើយ ពួកគេ គឺសុទ្ធតែត្រូវការចម្រៀងទាំងអស់ ។ នៅពេលកូនយំ ម្តាយភាគច្រើន លោកតែង​ប្រើចម្រៀងមកច្រៀងបំពេរកូនសម្រាប់ជាមធ្យោបាយលួងលោក ធ្វើឲ្យកូនឈប់យំ និងបែរមករកភាព សប្បាយរីករាយ​វិញ ។ តើលោកអ្នកជ្រាបទេថា ចម្រៀងគឺ ជាអ្វី? តើចម្រៀងមានប្រភពតាំងពីពេលណាមក? តើចម្រៀង មានសារសំខាន់​កម្រិតណាសម្រាបមនុស្ស? តើបុព្វហេតុអ្វីខ្លះបានជាបណ្តាលឲ្យកើតមានចម្រៀងឡើង? ចម្រៀងខ្មែរមាន ប៉ុន្មានប្រភេទ និងប៉ុន្មានទំនុកច្រៀង?


អក្សរភ្លេង រួមជាមួយនឹង ផ្កាកូលាបមួយទង

សូរសម្លេងរណ្តំរបស់មនុស្ស សត្វ រុក្ខជាតិ ឬធម្មជាតិនានា ត្រូវបានអ្នកចិត្តវិទ្យា ឬអ្នកអប់រំនានាលោកចាត់ទុកថា អាចជា ឱសថ ឬជាថ្នាំពុលសម្រាប់សុខភាពផ្លូវចិត្តរបស់មនុស្ស ។

តាមសៀវភៅវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត លោកបានពន្យល់ថា ចម្រៀង មានន័យថា មនុស្សដែលច្រៀង ឬទំនុកច្រៀង ។ តាមសៀវភៅ កវីទស្សនៈ ដែលចងក្រងដោយ ចងក្រងដោយលោក ជ័យ សេន លោកបានពន្យល់ថា ចម្រៀងជាចម្រៀង ជាការសំដែងសាវតារជាតិ ទឹកចិត្តអធ្យាស្រ័យនិងបំណងរបស់មនុស្ស ឬអាចនិយាយបានម៉្យាងទៀត ថាចម្រៀង ជាសំឡេង ឬជាសម្រែកចិត្តរបស់មនុស្សជាតិពិតៗ ។

ចម្រៀងកើតមានមក តាំងមនុស្សចេះប្រើពាក្យសំដីមកម្លេះ ។ ដើម្បីបានជាចម្រៀង គេត្រូវការធាតុផ្សព្វ និង អ្នកចូលរួម ជាច្រើនដូចជា៖ ភាសា អក្សរ ទំនុកច្រៀងតាមលំនាំកំណាព្យ ឬកម្រងកែវបែបមាសមេត្រី ឬមិត្តមេត្រី បទភ្លេងអនុវត្តទៅ តាម ចង្វាក់ណាមួយ អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង អ្នកច្រៀង អ្នកប្រគុំតន្ត្រី ជាដើម ដែលទាំងអស់នេះ សុទ្ធតែជាគ្រឿង សម្គាល់ដ៏សំខាន់របស់ជាតិមួយៗ ។

ចម្រៀងមានការប្រែប្រួល ទៅតាមសម័យកាលរស់នៅ របស់ជាតិនីមួយៗ ។ សម្រាប់ប្រទេសខ្មែរយើងវិញ ទំនុកច្រៀង ដ៏មានប្រជាប្រិយភាពជាងគេ តាំងតែពីបុរាណកាលមកនោះ គឺ ទំនុកច្រៀងដែលកើតចេញពីបទកំណាព្យ ពាក្យបួន ដែល មានអាយុកាលតាំងតែពីមុនសម័យអង្គរ ពោលគឺតាំងពីការកកើតទឹកដីខ្មែរមកម្លេះ ដែលកំណាព្យ បទពាក្យបួនអាចច្រៀង បាន ជាងបីទៅបួនរយរបៀបឯណោះ ហើយសុទ្ធតែពីរោះៗទៀតផង ដូចជាចម្រៀងភ្លេងការជាដើម ។

ចម្រៀងត្រូវបានកើតឡើងក្នុងគោលបំណង បម្រើឲ្យផ្នែកអារម្មណ៍ ឲ្យមានភាពសប្បាយរីករាយ បង្ហូរអារម្មណ៍ស្រងេះ- ស្រងោច ឬទុកព្រួយជាដើម ។ ប្រភេទចម្រៀងដែលបានបង្កើតឡើងគឺ អាចបម្រើមនុស្សទៅតាមវ័យចំនួន បី សំខាន់ៗ គឺ វ័យកុមារ យុវវ័យ និង វ័យមនុស្សចាស់។ បម្រើបម្រាស់ចម្រៀង ត្រូវបានគេមើលឃើញទិដ្ឋភាពផ្សេងៗគ្នា ជាច្រើន៖ អ្នកខ្លះ ប្រើចម្រៀងក្នុងគោលបំណងបុគ្គល ដូចជាស្នេហា។ អ្នកខ្លះទៀតប្រើចម្រៀង ក្នុងគោលដៅសង្គម ដូចជា អប់រំ នយោបាយ សាសនា ការកំដរអារម្មណ៍ពេល កើត ពេលចាស់ជរា ឬពេលស្លាប់ជាដើម។ ខ្មែរយើងចែកចម្រៀង ជាបីប្រភេទផ្សេងគ្នា គឺ៖ ចម្រៀងបុរាណ ចម្រៀងប្រជាប្រិយ និង ចម្រៀងសម័យ ដែលចម្រៀងទាំងអស់នោះ សុទ្ធតែបម្រើ ឲ្យផលប្រយោជន៍​សង្គម ដូចៗគ្នា ។

ដោយឡែកសម្រាប់ប្រភេទទំនុកច្រៀងវិញ ខ្មែរយើងមានច្រើនរាប់មិនអស់ ដែលនៅពេលនេះ យើងសុំលើកយកមកទំនុកច្រៀងសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ទំនុកច្រៀងសម្តែងសេចក្តីខ្មាស់អៀន
២. ទំនុកច្រៀងសម្តែងសេចក្តីសោកស្តាយ
៣. ទំនុកច្រៀងសម្តែងសេចក្តីអាណិតអាសូរ និង សេចក្តីរ៉ាប់រង
៤. ទំនុកច្រៀងសម្តែងបំណងល្អចំពោះកូន
៥. ទំនុកច្រៀងសម្តែងបំណងចំពោះគូសង្សារ
៦. ទំនុកច្រៀងសម្តែងសំណួររបស់បុរស
៧. ទំនុកច្រៀងសម្តែងសេចក្តីបង្អាប់
៨. ទំនុកច្រៀងសម្តែងសេចក្តីរិះគន់
៩. ទំនុកច្រៀងសម្តែងសេចក្តីលោភជាការចម្អក
១០. ទំនុកច្រៀងសម្តែងសេចក្តីត្រេកត្រាអាល
១១. ទំនុកច្រៀងសម្តែងសេចក្តីសរសើរ
១២. ទំនុកច្រៀងសម្តែងបំណងនឹងជំនឿ
១៣. ទំនុកច្រៀងនៅពេលធ្វើមង្គលការ
១៤. ទំនុកច្រៀងហ៊ុមរោង ឬបើករោង
១៥. ទំនុកច្រៀងបើកបាយខុន
១៦. ទំនុកច្រៀងបើកវាំងនន
១៧. ទំនុកច្រៀងបំពេ
១៨. ទំនុកច្រៀងនិគមវចនៈ។

តើខ្មែរយើងមានអ្នកចម្រៀងណាខ្លះ ដែលគួរតែយកជាគំរូតាម? ធនធានអ្នកចម្រៀងរបស់ប្រទេសកម្ពុជា ពិតជាមាន អំណោយផលខ្លាំងណាស់ សម្រាប់វិស័យសិល្បៈ ជាពិសេសអ្នកចម្រៀង ។ អ្នកចម្រៀងដែលពិភពលោកតែងតែភ្ញាក់ផ្អើល និង មានការកោតសរសើរមិនដាច់ពីមាត់ថា ល្អគ្មានគូប្រៀបផ្ទឹមពុំបាននោះ គឺ អធិរាជ សម្លេងមាស ស៊ិន ស៊ីសាមុត និង រាជនីសម្លេងមាស រស់ សេរីសុទ្ធារ និង អ្នកមួយចំនួនទៀត ដែលមានអាជីបនេះ ក្នុងជំនាន់ជាមួយគ្នា។ បើទោះណាជា ជីវិតពួកលោកបានចែកឋាន ទៅយូរហើយយ៉ាងណាក្តី ក៏កេរ្តិ៍ឈ្មោះរបស់អស់លោកទាំងអស់នោះ នៅតែដិតជាប់ក្នុង ក្រឳបេះដូចកូនខ្មែរគ្រប់ជំនាន់ ហើយពិភពលោកនៅតែតាមស្ងើចសរសើរ ពីទឹកដមសម្លេងមាសរបស់លោកជាដរាប ។ អ្នកដែលបានស្តាប់ចម្រៀងលោកហើយ ម្នាក់ៗតែងតែបានរសាយ ពីទុក្ខកង្វល់ទាំងពួង ហើយទទួលបានមកវិញ នូវភាព សប្បាយរីករាយជានិច្ច ។

សរុបសេចក្តីមក ចម្រៀង គឺពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្ស ។ ប្រជាជាតិខ្មែរទាំងមូលគួរតែចេះថែរក្សា និង ចេះបង្កើតចម្រៀងថ្មីៗ ស្របតាមគោលវប្បធម៌ខ្មែរឲ្យបានច្រើនថែមទៀត សម្រាប់បំពេញនូវសេចក្តីសប្បាយរីករាយ របស់ជនជាតិខ្មែរយើង ។ ការនិយមចម្រៀងដែលមានលក្ខណៈជាតិ នឹងជួយឲ្យជាតិខ្មែរ មានគ្រឹះវប្បធម៌កាន់តែ រឹងមាំ ថែមទៀត ។

-----------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

ឯកសារយោង៖
១. សៀវភៅសិល្បៈតែងកំណាព្យ រៀបរៀងដោយ លោក ពេជ្រ ទុំក្រវ៉ិល
២. សៀវភៅកវីទស្សនៈ រៀបរៀងដោយ លោកជ័យសេន បោះពុម្ពឆ្នាំ ២០០៥
៣. សៀវភៅក្បួនកំណាព្យ រៀបរៀងដោយ លី សេន មន្ទីរវប្បធម៌ ឃោសនាការខេត្តឃ្លាំង
៤. សៀវភៅតន្ត្រីនិងជីវិតខ្មែរ រៀបរៀងដោយ អ្នកស្រី កែវ ណារុំ បោះពុម្ពឆ្នាំ ២០១២
៥. សៀវភៅវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត
៦. សៀវភៅចម្រៀង ចង្រិតដែក និពន្ធដោយ ឯកឧត្តម ពេជ្រ ទុំក្រវ៉ិល បោះពុម្ពឆ្នាំ ២០១១
៧. សៀវភៅ សមូហកម្មអក្សរសិល្ប៍នូហាច ពានរង្វាន់ ឆ្នាំ ២០០៦ និង ឆ្នាំ ២០០៥
៨. កម្រងឯកសារស្តីពីប្រពៃណីនិងទំនៀមទម្លាប់ខ្មែរ ភាគ ១ ដល់ ភាគ ៣ ចងក្រងនិងរៀបរៀងដោយ សាស្ត្រាចារ្យ មៀច ប៉ុណ្ណ បោះពុម្ពឆ្នាំ ២០០៧។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...