សាងទំនុកចិត្តឲ្យខ្លួនឯង - វិធីសាស្ត្រ
នៅក្នុងពិភពលោកយើងនេះ មានមនុស្សមិនតិចទេ ដែលប្រកបដោយចំណេះខ្ពង់ខ្ពស់ មានសីលធម៌ល្អ សុខភាពរាងកាយ មាំមួន។ ប៉ុន្តែពួកគេបែបជា មិនមែនជាមនុស្សជោគជ័យ នៅក្នុងជីវិតទៅវិញ មិនថាតែ ការសិក្សា ការងារ គ្រួសារ ស្នេហា មិត្តភក្តិ ក៏ដូចជាជីវិតផ្ទាល់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី? អ្នកប្រាជ្ញចិត្តសាស្ត្រភាគច្រើនបានពន្យល់ថា បណ្តាលមកពី កង្វះទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលនោះតែប៉ុណ្ណោះ។ បើបែបនេះមែន តើយើងមានវិធីណាអាចដោះស្រាយ បញ្ហាកង្វះ ទំនុកចិត្តលើខ្លួនឯងនេះបានដែរឬទេ?
តទៅនេះសូមលោកអ្នកអញ្ជើញ តាមដាននូវសញ្ញាណមួយចំនួននៃកង្វះទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រអភិវឌ្ឍមួយ ចំនួន ជាមួយនឹងយើងខ្ញុំដូចខាងក្រោម៖
ក. និយមន័យ
តើទំនុកចិត្តលើខ្លួនឯងគឺជាអ្វី? ទំនុកចិត្ត ថ្នាក់ពាក្យជានាម មានន័យថា ការភ្ជាប់ជំនឿទៅលើរឿងអ្វីមួយ ឬលើនរណាម្នាក់ សេចក្តីសង្ឃឹមឮសេចក្តីជឿជាក់លើរឿងអ្វីមួយ ឬលើនរណាម្នាក់ ភាពជឿជាក់ថា រឿងអ្វីមួយនឹងបានកើតឡើង ដូចការគិត របស់ខ្លួន ការប្រាកដក្នុងចិត្តថា អ្នកណាម្នាក់ ឬខ្លួនយើងនឹងអាចធ្វើអ្វីមួយស្របតាមការគិតរបស់ខ្លួន ការនឹកផ្គងគំនិតថា មុខជានឹងបានសម្រេចដូចបំណង ការមានសេចក្តីកក់ក្តៅក្នុងចិត្តទុកជាមុន ។
ចំនុចដំបូងនៃទំនុកចិត្តលើខ្លួនឯងគឺសំដៅលើយើងមានភាពឆ្លាតវៃ ឬការដឹងដោយវិញ្ញាណវិជ្ជមាន និង ប្រាកដនិយមមួយ ចំពោះសមត្ថភាពខ្លួនយើងផ្ទាល់ ។
ខ. តើអ្វីទៅដែលធ្វើឲ្យមនុស្សយើងមានទំនុកចិត្តលើខ្លួនឯង?
លោកអ្នកគិតថា វាជាលុយ ជាការជោគជ័យ ជាទេព្យកោសល្យ ជាមិត្តភក្តិ ឬក៏ជាវេទមន្ត? តើមានមនុស្សប៉ុន្មាននាក់ ដែល តែងយកចិត្តទុកដាក់ លើការបង្កើនទំនុកចិត្តខ្លួនឯង តាមរយៈការធ្វើអ្វីមួយឲ្យបែកញើសតិចៗ ជាមួយនឹងមិត្តភក្តិស្រករៗ គ្នា របស់ពួកគេ? តាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា មានមនុស្សតិចតួចប៉ុណ្ណោះ ដែលដឹងថាជំនឿទុកចិត្ត លើខ្លួនឯង មិនមានមកពីកំណើតនោះ បើទោះណាជាមានមនុស្សមួយចំនួន ហាក់ដូចជាកើតមកប្រកបដោយជំនឿ ទុកចិត្តផ្ទាល់ខ្លួនដូចជាបងប្អូនស្រីភ្លោះជាដើមក៏ដោយ ។
មនុស្សដែលមានទំនុកចិត្តលើខ្លួនឯងដឹងថា តើជំនឿទុកចិត្តខ្លួនឯង អាចធ្វើអ្វីៗទៅរួចសម្រាប់ពួកគេយ៉ាងដូចម្តេច។ មាន ន័យថា មនុស្សដែលមានជំនឿចិត្តទុកចិត្តលើខ្លួនឯងគឺ តែងតែដឹងច្បាស់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន។ ពួកគេ ចេះស្រង់យកចំនុចខ្លាំង តាមរយៈការយល់ដឹង ពីទេពកោសល្យរបស់ពួកគេ ហើយដឹងច្បាស់អំពីអ្វី ដែលពួកគេអាចធ្វើ និងមិនអាចធ្វើទៅបាន ។
ទំនុកចិត្តលើខ្លួនឯង មិនមានន័យ ជាការជឿជាក់ថាមានតែខ្លួនឯងម្នាក់ទេ ដែលអាចធ្វើអ្វីៗបាន នៅលើពិភពលោកយើង នេះ។ ផ្ទុយមកវិញ ទំនុកចិត្តលើខ្លួនឯង គឺជាការស្គាល់នូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក ហើយ និងភាពខ្លាំង របស់អ្នកឲ្យប្រសើរឡើងបំផុត ខណៈពេលដែលលោកអ្នក កំពុងគេចចេញឲ្យឆ្ងាយពីភាពខ្សោយរបស់លោកអ្នក ។
មនុស្សដែលមានទំនុកចិត្តចិត្តលើខ្លួនឯង ស្ទើរតែអាចធ្វើអ្វីៗទាំងអស់ឲ្យកើតឡើងបាន ។ គាត់អាចក្លាយជាមនុស្ស ដែល ឈរលើភាពជាអ្នកទទួលបានជោគជ័យ ហើយនឹងអាចរំពឹងបានថា គាត់អាចនឹងធ្វើឲ្យជីវិតកាន់តែមានភាពប្រសើរឡើង កាន់តែមានភាពងាយស្រួលឡើងសម្រាប់ខ្លួនគាត់និងគ្រួសាររបស់គាត់។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង គឺជាជន ទាំងឡាយណា ដែលងាយស្រួលនឹងទទួលស្គាល់ នូវឱកាសទាំងឡាយ។ ដូច្នេះហើយ ពួកគេតែងតែជាមនុស្សទីមួយ ដែលអ្នកអាចក្តាប់យកឱកាសទាំងអស់នោះ បានមុនគេផងដែរ ។
គ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង៖
ទំនុកចិត្តលើខ្លួនឯង ត្រូវបានចង្អុលបង្ហាញចរិតលក្ខណៈ តាមរយៈពាក្យសំដីពោលអះអាង ឬការការពារ គំនិត សុទិដ្ឋិនិយម ចំណង់ខ្លាំងក្លា ការអត់ឱន ឬសេចក្តីស្នេហា មោទនភាព ឬសេចក្តីពេញចិត្តខ្ពស់ ឯករាជ្យភាព ទំនុកចិត្ត ឬសេចក្តីជឿជាក់ បំណិនប្រសប់ ឬសមត្ថភាពខាងដោះស្រាយបញ្ហាខាងការចាប់ថ្នាក់ ឬការរិះគន់ទិតៀន ភាពចាស់ទុំ ខាងការរំជួលចិត្ត និង សមត្ថភាពក្នុងការស្ទាបស្ទង់ជាទៀងទាត់នូវសេចក្តីក្លាហាន ឬសមត្ថភាពរបស់ខ្លួន ។
ឃ. លក្ខណៈសម្គាល់ទំនុកចិត្តលើខ្លួនឯង
កង្វះជំនឿចិត្តលើខ្លួនឯង ត្រូវបានស្តែងឲ្យឃើញលក្ខណៈតាមរយៈ ភាពមន្ទិលសង្ស័យលើខ្លួនឯង អកម្មភាព ឬការមិនធ្វើ ចម្លើយតបចំពោះរឿងអ្វីមួយ ការចាំស្តាប់តែបង្គាប់អ្នកដ៏ទៃដោយគ្មានការពិចារណារកខុស ត្រូវ ល្អ អាក្រក់ រីកចម្រើន មិនរីកចម្រើនអ្វីសោះ ការស្របទៅនឹងបញ្ហាហួសហេតុពេក ភាពឯកោ ឬការនៅដាច់ឆ្ងាយពីអ្នកដទៃខ្លាំងពេក ការពូកែតែ ខាងការរិះគន់ខ្លួនឯង ឬរិះគន់អ្នកដទៃខ្លាំងពេក កង្វះការជឿជាក់ សេចក្តីក្រៀមក្រំចិត្ត និងសញ្ចេតនាចាញ់ប្រៀប និងកង្វះខាងក្តីស្រលាញ់ ។
ង. តើគេត្រូវធ្វើដូចម្តេចដើម្បីកសាងទំនុកចិត្តឲ្យខ្លួនឯងបាន?
ប្រសិនបើលោកអ្នកស្ថិតនៅក្នុងប្រភេទដែលខ្មាស់អៀន មិនសូវមានទំនុកចិត្តលើខ្លួនឯងនោះ លោកអ្នក អាចអនុវត្តតាម ចំនុច មួយចំនួនដូចខាងក្រោម៖
ត្រូវរៀនស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាមុន (ទាំងចំនុចខ្លាំងនិងចំនុចខ្សោយ)៖ ប្រសិនបើលោកអ្នកស្គាល់ចំនុចខ្លាំងរបស់ខ្លួន ឯងហើយ ក្រោយមកលោកអ្នកត្រូវប្រមូលយក នូវការខិតខំប្រឹងប្រែងទាំងអស់ របស់លោកអ្នកមកលើចំនុចខ្លាំង ទាំងអស់ នោះ រួចហើយត្រូវស្វែងរកឱកាសពីចំនុចខ្លាំងទាំងអស់នោះ។ ប្រសិនបើដឹងពីចំនុចខ្សោយរបស់ខ្លួនឯងហើយ លោកអ្នក ត្រូវព្យាយាម អភិវឌ្ឍចេញពីចំនុចខ្សោយទាំងនោះ ។
១. បង្កើតសកម្មភាពឲ្យក្លាយជាទម្លាប់៖
មនុស្សដែលចេះអភិវឌ្ឍចំណង់ចំណូលចិត្តក្លាយជាទម្លាប់មួយហើយ គឺមនុស្សដែលអាចបង្កើតនូវទំនុកចិត្តខ្លួនឯង មិនថា ពេលណាក៏ដោយ ហើយគេគ្រាន់តែដឹងថា ខ្លួនគេគឺបានធ្វើអ្វីៗល្អគ្រប់គ្រាន់ហើយ ។
២. ត្រូវធ្វើកំណត់ត្រានូវរាល់ស្នាដៃដែលលោកអ្នកធ្លាប់បានទទួល៖
លោកអ្នកប្រហែលជាគិតថា លោកអ្នកគឺ មិនមែនជានរណាម្នាក់ឡើយ។ ប៉ុន្តែសូមលោកអ្នកធ្វើបញ្ជីមួយ ដែលនិយាយពី អ្វីដែលលោកអ្នកធ្លាប់បានទទួលកាលពីអតីតកាល ទោះបីការសម្រេចទាំងនោះ វាតិចតួចយ៉ាងណាក៏ដោយ។ បន្ទាប់មក លោកអ្នកចេះតែកត់ត្រារបៀបនេះរហូតទៅ។
៣. សូមខិតខំពង្រឹងស្មារតីរបស់លោកអ្នកឲ្យបានល្អ៖
មានន័យថា ធ្វើចិត្តរបស់លោកអ្នកឲ្យបានស្ងប់ស្ងៀមដោយផ្អែកលើ ជំនឿមុតមាំមួយ លោកអ្នកល្អ លោកអ្នកមិនមាន អ្វីជាបញ្ហាទេ ហើយលោកអ្នកនឹងអាចធ្វើអ្វីៗបានប្រសិនបើលោកអ្នកដាក់ចិត្តធ្វើនោះ។
៤. លោកអ្នកមិនត្រូវផ្តោតតែទៅលើគំនិតអវិជ្ជមានទេ៖
លោកអ្នកត្រូវចេះរៀនសូត្រពីកំហុសរបស់លោកអ្នក ប៉ុន្តែលោក អ្នកមិនត្រូវផ្តោតអារម្មណ៍ តែទៅលើកំហុសឆ្គងទាំងអស់ នោះច្រើនពេកទេ។ ជំនួសមកវិញ លោកអ្នកត្រូវផ្តោតអារម្មណ៍ តែទៅលើកម្លាំងចិត្តដើម្បីកែលម្អខ្លួន លោកអ្នកឲ្យបាន កាន់តែប្រសើរទៅ នោះវាគឺជាការស្រេច។
ត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯង តើយើងត្រូវដោះស្រាយបញ្ហាកង្វះទំនុកចិត្តលើខ្លួនឯងនេះដោយវិធីណា?
១. ការរៀនសូត្រពីបទពិសោធន៍៖ ជារឿយៗ យើងអាចអភិវឌ្ឍសញ្ចេតនាចាញ់ប្រៀប និងកង្វះក្តីសង្ឃឹមដោយឆ្លងកាត់ បទពិសោធន៍ ជីវិតអវិជ្ជមាន ឬជូរចត់ច្រើនកន្លែងដូចជា នៅផ្ទះ នៅសាលារៀន ឬក៏នៅកន្លែងការងារ...។ល។ ឧទាហរណ៍ នៅពេលដែលលោកអ្នកកំពុងតែចម្រើនវ័យ ឪពុកម្តាយឬអាណាព្យាបាលរបស់លោកអ្នក ប្រហែលជាមិនអាចផ្តល់ឲ្យ លោកអ្នកនូវបរិស្ថានគាំទ្រទំនុកបម្រុង ប្រកបដោយផាសុកភាពមួយបានឡើយ។ ពួកលោកច្រើនតែធ្វើការតិតៀន បង្គាប់ បញ្ជា ការពារ ឬក៏ហួងហែងលោកអ្នកហួសប្រមាណ។ ជាលទ្ធផលហេតុការ នេះក៏បានរុញច្រាន លោកអ្នកខ្លួនឯង ឲ្យធ្លាក់កាន់តែជ្រៅទៅនៅក្នុងរណ្តៅនៃការគិតបែបវិជ្ជមាន ។
២. ការរៀនសូត្រពីការបាត់បង់សមាជិកគ្រួសារ ឬមិត្តភក្តិជិតដិតណាមួយ៖ ឧទាហរណ៍ ការលែងលះរបស់ ឪពុកម្តាយ លោកអ្នក ការចាកចេញឆ្ងាយពីផ្ទះរបស់លោកអ្នកនៅលើកដំបូង (ដោយបែកឆ្ងាយពីគ្រួសារ និង មិត្តភក្តិជាទីស្រលាញ់) និងការបែកបាក់ដៃគូរស្នេហារបស់លោកអ្នកជាដើម។
៣. ការៀនសូត្រពីពំនាក់អាស្រ័យដែលមិនចាំបាច់ ឬព្រឹត្តិការណ៍មិនល្អទាំងឡាយដូចជា ការបរាជ័យ ឬការខកចិត្ត៖ ជំនួសឲ្យបាត់បង់ជំនឿចិត្តលើខ្លួនឯង លោកអ្នកត្រូវតែរៀនសូត្រពីព្រឹត្តិការណ៍អាក្រក់ៗទាំងនេះ ។
៤. ការរៀនសូត្រពីការវិនិច្ឆ័យ ឬការតិតៀនលើខ្លួនលោកអ្នក និងសមត្ថភាពរបស់លោកអ្នកដែលមិនពិរោះ មិនគួរឲ្យចង់ ស្តាប់ខ្លាំង៖ ឧទាហរណ៍ លោកអ្នកតិតៀន ឬស្តីបន្ទោសឲ្យខ្លួនលោកអ្នកក៏ព្រោះតែការបរាជ័យ និង ការខកចិត្តទាំងឡាយ របស់លោកអ្នក។
៥. រៀនសូត្រពីការវាយតម្លៃលើផលចំណេញ នៃស្ថានភាពទាំងឡាយ ឲ្យបានខ្លាំងក្លាជាងអ្វី ដែលរឿងជាក់ស្តែង។
៦. រៀនសូត្រពីបទពិសោធន៍នៃការដាក់សម្ពាធ៖ លោកអ្នកត្រូវការដាក់សម្ពាធជាច្រើន ដែលកើតចេញពីឪពុកម្តាយរបស់ លោកអ្នក ឬមនុស្សវ័យស្របាលលោកអ្នក ដើម្បីជួបតម្រូវការ និងការំពឹងទុកទាំងឡាយដែលពួកគេចាត់ចែង សម្រាប់ លោកអ្នក ដកហូតលោកអ្នកពីឱកាសអភិវឌ្ឍលើ ឯករាជ្យភាព ស្វ័យភាព និង អត្ថសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នក ។
៧. រៀនសូត្រពីការកំណត់គោលដៅ មិនជាក់លាក់ទាំងឡាយ ។
៨. រៀនសូត្រពីការភ័យខ្លាចបរាជ័យ៖ ឧទាហរណ៍ បើសិនលោកអ្នកទទួលបានកម្រិត F នៅក្នុងការប្រលងណាមួយ លោកអ្នកអាចនឹងគិតថា លោកអ្នកបរាជ័យ ច្រើនជាងការដែលគិតថា លោកអ្នកមានភាពប្រសើរជាងអ្នកដែលបរាជ័យ ឬធ្លាក់ជាស្ថាពរនៅក្នុងការប្រលងមួយ ។
ត្រូវបង្កើនជំនឿចិត្តខ្លួនឯងឲ្យបានកាន់តែច្រើន តើធ្វើដូចម្តេចដើម្បីបង្កើនជំនឿចិត្តលោកខ្លួនឯងរបស់លោកអ្នក?
១. គិតបែបវិជ្ជមានអំពីខ្លួនលោកអ្នក ។
២. សូមជ្រើសរើសឬកំណត់គោលដៅទាំងឡាយណាដែលប្រាកដជានឹងអាចជួបការរំពឹងទុករបស់លោកអ្នក៖ ជាដំណោះ ស្រាយ ចូរកំណត់គោលដៅរបស់លោកអ្នកនៅក្នុងកម្រិតហេតុផលមួយ ព្រោះថា អ្វីដែលអ្នកបានទទួល គឺវាស្មើនឹងអ្វី ដែលលោកអ្នកបានកំណត់ទុកដើម្បីសម្រេច។ ការកំណត់នេះជួយជម្រុញទំនុកចិត្ត និងការពេញចិត្តលើខ្លួនឯងរបស់ លោកអ្នក។ លោក វីលៀម ចេមស៍ បិតាចិត្តសាស្ត្របានពោលថា ការពេញចិត្តខ្លួនឯងស្មើនឹងអ្វីដែលយើងទទួល ឬស្មើនឹងអ្វី ដែលយើងកំនត់នឹងទទួលយក ។
៣. សូមផ្តល់រង្វាន់ ឬសរសើរឲ្យខ្លួនឯងនៅពេលដែលលោកអ្នកបានសម្រេចកិច្ចការអ្វីមួយបានល្អ បើទោះណា កិច្ចការនោះ ជារឿងងាយស្រួល តិចតួច ឬក៏តូចតាចយ៉ាងណាដ៏ដោយ ។
៤. នៅពេលណាដែលរឿងខកចិត្តឬការលំបាកចិត្តកើតឡើង លោកអ្នកត្រូវតែដឹងឲ្យបានច្បាស់ពីគំនិតរបស់លោកអ្នក។ សូមគិតបែបតក្កវិជ្ជាអំពីស្ថានភាពជំនួសឲ្យការប្រតិកម្មដ៏ខ្លាំងក្លាមួយដោយតែទៅលើមូលដ្ឋាននៃអារម្មណ៍របស់លោកអ្នក។
៥. សូមពំនាកអាស្រ័យតែទៅលើចំនុចខ្លាំងរបស់លោកអ្នក ជាជាងការពឹងអាស្រ័យលើចំនុចខ្សោយរបស់លោកអ្នក ។
៦. សូមលោកអ្នកទទួលស្គាល់ថា មានរឿងរ៉ាវជាក់ស្តែងទាំងឡាយដែលថា លោកមានសមត្ថភាពនិងងាយនឹងសម្រប សម្រួលទៅនឹងស្ថានការណ៍ទាំងឡាយជាងអ្នកដទៃ ហើយវាជារឿងដែលមិនអាចទៅរួចដែលថា ត្រូវរំពឹងភាពភាពឥតខ្ចោះ ទៅលើ ការយល់ឃើញគ្រប់បែបយ៉ាងនៅក្នុងជីវិតរបស់លោកអ្នក ។
៧. សូមកុំទាមទារការសម្រេចគោលបំណង ឬស្នាដៃរបស់លោកអ្នក តែទៅលើសំណាងមួយមុខប៉ណ្ណោះ។ ជំនួសឲ្យរឿងនេះ សូមលោកអ្នកផ្តល់ឲ្យខ្លួនឯងនូវកិត្តនាម សម្រាប់ការសម្រេចគោលបំណងរបស់ខ្លួនឯងផង ។
៨. សូមរឿនសូត្រដើម្បីក្លាយជាមនុស្ស ដែលពោរពេញទៅដោយហេតុផល។ ការរៀនសូត្របែបនេះ មានអត្ថន័យថា ត្រូវ រៀនសូត្របញ្ចេញអារម្មណ៍ គោលគំនិត ជំនឿ និងតម្រូវការរបស់លោកអ្នកដោយផ្ទាល់ ដោយបើកចំហ និងដោយស្មោះត្រង់នៅខណៈដែលមិនប្រព្រឹត្តខុសលើ សិទ្ធិរបស់អ្នកដទៃ។ ឧទាហរណ៍ រៀនក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិ របស់លោកអ្នកនិងរៀននិយាយថា ទេ ចំពោះសំណូមពរដែលមិនសមហេតុផលទាំងឡាយ ។
៩. ការបណ្តុះបណ្តាល ពីរបៀបតស៊ូមតិស្របច្បាប់ អាចជាជំនួយដ៏ល្អបំផុតនៅក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងស្វែង រកឲ្យឃើញតំបន់ទាំងឡាយ នៃរូបភាពអវិជ្ជមានរបស់ខ្លួន ។
១០. សូមធ្វើបញ្ជីមួយ ស្តីពីអ្វីដែលលោកអ្នកមានអារម្មណ៍ ជាបញ្ហាចម្បងនៅក្នុងជីវិតរបស់លោកអ្នក។ បន្ទាប់មកសូម កត់ត្រា វិធីអភិវឌ្ឍ ឬក៏វិធីដែលត្រូវដោះស្រាយបញ្ហាទាំងនោះ។ ធ្វើបានដូចនេះនោះ ភ័ព្វសំណាងទាំងឡាយ ដែលមិនមែន ជាបញ្ហារបស់លោកអ្នក អាចត្រូវបានដោះស្រាយដោយងាយស្រួល ឬយ៉ាងឆាប់រហ័ស។ តាមរយៈវិធីនេះ លោកអ្នកនឹងងាយស្រួលក្នុងការចាប់យកសកម្មភាពដោះស្រាយបញ្ហាបន្ទាន់នានាបានដោយជោគជ័យ ។
កិច្ចការដែលគួរចងចាំសម្រាប់អភិវឌ្ឍជំនឿចិត្តលើខ្លួនឯង៖
១. សូមរៀបរាប់តែរឿងល្អៗ និងមិនត្រូវរៀបរាប់រឿងអវិជ្ជមានឡើយ។
២. សូមគិតវិជ្ជមានជានិច្ចចំពោះខ្លួនឯង។
៣. សូមរៀនសូត្រពីបទពិសោធន៍នានារបស់លោកអ្នក។
៤. សូមកំណត់យកគោលដៅទាំងឡាយឲ្យបានច្បាស់លាស់។
៥. សូមតាំងចិត្តឲ្យក្លាហាននៅក្នុងការប្រកបកិច្ចការសុចរិតទាំងពួង។
៦. សូមបន្តការរៀនសូត្ររបស់លោកឲ្យបានពេញមួយជីវិត។
៧. សូមរស់នៅក្នុងជីវិតប្រកបដោយអត្ថន័យ។
៨. សូមផ្តល់តម្លៃទៅលើភាពងាយស្រួល។
៩. សូមទទួលយកនូវការផ្លាស់ប្តូរ ។
សរុបមក ទំនុកចិត្តលើខ្លួនឯងពិតជាមានសារសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា ។ ទំនុកចិត្តលើខ្លួន គឺជាកត្តាកំណត់នៃ ភាពជោគជ័យរបស់យើងម្នាក់ៗ។ អាស្រ័យហេតុនេះ ម្នាក់ត្រូវព្យាយាមហ្វឹកហាត់ យ៉ាងណាដើម្បីឲ្យមានទំនុកចិត្ត លើខ្លួន ឯងឲ្យបានជាប់ជាប្រចាំពេញមួយជីវិត នោះទើបជីវិតយើងមានភាពរុងរឿងត្រចះត្រចង់ ។
ពុទ្ធភាសិត៖ អាក្រក់អ្វីមិនស្មើ នឹងមានចិត្តបាប ដាបអ្វីមិនស្មើ នឹងអស់ទុន គុណអ្វីមិនស្មើ គុណឪពុកម្តាយ ជីដូនជីតា គ្រូបាចារ្យ និងព្រះធម៌ ។
-------------------------------------------------------------------------------
ដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ