គ្រាប់បាល់ចុងម៉ោងរបស់ផូលីញ៉ូ ជួយឲ្យប្រេស៊ីល ទៅវគ្គផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ស៊ាំបាប្រេស៊ីល បានធ្វើដំណើរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកភាពល្បីល្បាញបន្តទៀត បន្ទាប់ពីកីឡាករផូលីញ៉ូ (Paulinho) លោតតែតតាំងនៅចុងម៉ោងបានសម្រេច ជួយឲ្យប្រេស៊ីល ឈ្នះអ៊ុយរ៉ាហ្គាយ ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់មិញ។
កីឡាករផូលីញ៉ូ របស់ក្រុមជម្រើសជាតិប្រេស៊ីល។ (រូបថត AP Photo/Bruno Magalhaes)
បន្ទាប់ពីជ័យជំនះមួយនេះ យើងឃើញថា ៤ប្រកួតរបស់ប្រេស៊ីល ឈ្នះទាំង៤ ហើយមានន័យថា ពួកគេនឹងឡើងទៅជួបអេស្ប៉ាញ ឬអ៊ីតាលី ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ នាកីឡាដ្ឋានម៉ារ៉ាកាណា (Maracana) នៃទីក្រុងរីយ៉ូ ដេចិនណេរ៉ូ (Rio de Janeiro)។
ខ្សែការពាររបស់ក្រុមឆែលស៊ី ដេវីដ ល្វីស (David Luiz) ធ្វើឲ្យមានកំហុសឆ្គងនៅក្នុងប្រអប់គ្រោះថ្នាក់ បន្ទាប់ពីកីឡាកររូបនេះ ចាប់ទាញកីឡាករប្រធានក្រុមអ៊ុយរ៉ាហ្គាយ ឌីហ្គូ លូហ្គាណូ (Diego Lugano) ឲ្យដួលនៅនាទីទី១៣។ អ៊ុយរ៉ាហ្គាយ មានឱកាសទាត់បាល់ប៉េណាល់ទី១គ្រាប់ ប៉ុន្តែធ្វើពុំបានសម្រេច បន្ទាប់ពីកីឡាករឌីហ្គូ ហ្វឡែន (Diego Forlan) ទាត់ទៅ ត្រូវអ្នកចាំទីប្រេស៊ីល ជូលីយ៉ូ សេស្សា (Julio Cesar) ជួយសង្គ្រោះបាល់បាន។
ប្រេស៊ីល ធ្វើការនាំមុខមុននៅនាទីទី៤០ ខណៈដែលខ្សែប្រយុទ្ធហ្រ្វេដ (Fred) លោតទាត់កាប់ផ្ញុចដីចម្ងាយ ៦យ៉ាដ ពីប្រអប់គ្រោះថ្នាក់បានយ៉ាងល្អ បន្ទាប់ពីខ្សែបម្រើណីម៉ា (Neymar) បញ្ជូនបាល់ឲ្យ។
ប៉ុន្តែចាប់ផ្តើមបាន ៣នាទីនៅវគ្គទី២ អ៊ុយរ៉ាហ្គាយអាចរកគ្រាប់បាល់តាមបានស្មើវិញ ខណៈដែលខ្សែការពារប្រេស៊ីលទាត់បាល់ចេញពីប្រអប់គ្រោះថ្នាក់មិនបានឆ្ងាយពីទី និងកីឡាករថៃហ្គូ ស៊ីលវ៉ា (Thiago Silva) បញ្ជូនបាល់មិនបានល្អទៀតនោះ ធ្វើឲ្យខ្សែប្រយុទ្ធកាវ៉ានី (Cavani) មានឱកាសទាត់បញ្ចូលទីបានសម្រេចនៅនាទីទី៤៨។
នៅ៤នាទី មុននឹងបញ្ចប់ម៉ោងប្រកួត ពោលគឺនៅនាទីទី៨៦ ខ្សែបម្រើក្រុមកូរីនថែន (Corinthians) ផូលីញ៉ូ បានលោតប្រើក្បាលបញ្ជូនបាល់ចូលទី១គ្រាប់ទៀត បន្ទាប់ពីទទួលបាល់ជ្រុងពីណីម៉ា ធ្វើឲ្យអ្នកគាំទ្រ កីឡាករបម្រុង និងគ្រូបង្វឹកលោតអបអរយ៉ាងសប្បាយរីករាយបំផុត។
គ្រូបង្វឹកអ៊ុយរ៉ាហ្គាយ លោកអូស្កា តាបារែស (Oscar Tabarez) បាននិយាយថា៖ «បន្ទាប់ពីក្រុមរបស់ខ្ញុំលេងបានល្អ ក្រុមរបស់គេក៏កាន់តែលេងបានល្អជាងក្រុមខ្ញុំទៀត។ ក្រុមគេលេងបានល្អណាស់ និងមានការរីកចំរើនជាងមុន។»
រីឯគ្រូបង្វឹកប្រេស៊ីល លោកល្វីស ហ្វេលីបស្កូឡារី (Luiz Felipe Scolari) បាននិយាយថា៖ «យើងតែងតែព្យាយាមហ្វឹកហាត់ខ្លាំងណាស់ ហើយការតែតបាល់បញ្ចូលទី ជាការពិបាកមួយ។ ប៉ុន្តែបើយើងព្យាយាមហ្វឹកហាត់ នោះនឹងមានរឿងល្អកើតឡើងដូចថ្ងៃនេះ។ ៤ប្រកួត ឈ្នះទាំង៤ប្រកួត ពិតជាសំខាន់ខ្លាំងណាស់។ យើងកំពុងតែដើរក្នុងផ្លូវដ៏ត្រឹមត្រូវ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ