ហូរ វ៉ាន់៖ គណបក្ស មិនអាច«បំផ្លាញ»ស្លាកគណបក្ស ដែលជា«ទ្រព្យខ្លួនឯង»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គណបក្សប្រឆាំង មិនដែលមានគំនិត គិតឃើញពីការបំផ្លាញ«ស្លាក»គណបក្សខ្លួនឯងនោះទេ។ ការលើកស្លាកនីមួយៗត្រូវចំណាយ លុយកាក់ ហើយក៏នឹងគ្មានបំណងណាមួយ ដែលត្រូវរៀបចំឲ្យមានការបំផ្លាញវាទៅវិញនោះដែរ។ គណបក្សនីមួយៗ ចង់បានតែសេចក្តីសុខ ចង់ឲ្យតែស្លាកនោះបាន«នឹងន»ទេ។ នេះជាកាលើកឡើងរបស់លោក ហូរ វ៉ាន់ អនុប្រធានគណកម្មការវិន័យនៃគណបក្សសង្គ្រោះជាតិ។
សកម្មភាពលើកផ្លាកគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្ត សៀមរាប។
តាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហាញថា រាល់សកម្មភាពបំផ្លាញស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ចំនួនដប់ប្រាំមួយ(១៦)ស្លាក ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខមួយ និងផ្លូវគ្រួសក្រហមក្នុងខេត្តព្រៃវែង និងស្វាយរៀង ជាការធ្វើឡើងតាមការចាត់តាំងជា«ប្រព័ន្ធ» ក្នុងបំណងធ្វើឲ្យខូចបរិយាកាសល្អនៅមុនថ្ងៃបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មាននេះបន្តរថា ទង្វើទាំងអស់នេះជាការបំរើឲ្យគោលបំណងអគតិ ដែលគណបក្សប្រឆាំងធ្លាប់បានលើកឡើងថា នឹងចូលរួមការបោះឆ្នោត តែមិនទទួលលទ្ធផលនៃការបោះឆ្នោត។
លោក ហូរ វ៉ាន់ បានច្រានចោលនូវការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ ជាអ្នករៀបចំឲ្យមានការបំផ្លាញស្លាកគណបក្សខ្លួនឯងនោះ។ លោកបញ្ជាក់ថា «នេះជាការមិនត្រឹមត្រូវទេ ហើយខ្ញុំសូមធ្វើការច្រានចោលទាំងស្រុង នូវការលើកឡើងដែលថាគណបក្សប្រឆាំង ជាអ្នករៀបចំឲ្យមានការបំផ្លាញស្លាកគណបក្សខ្លួនឯងនោះ។ (...) ទាំងនេះជាការមួយមិនពិត ហើយដែលយើងមិនអាចទទួលយកជាការបាន។»
អង្គការសង្គមស៊ីវិលមួយចំនួន បានធ្វើការវិភាគទៅលើ កំលាំងធនធានរបស់គណបក្សថ្មីៗ ដែលមានភាពទប់ខ្សោយទាំងកំលាំងជម្រុញ និងកំលាំងធនធាន ដែលជាមួលហេតុមួយ មិនអាចធ្វើការបំផ្លាញនូវទ្រព្យសម្បត្តិរបស់ខ្លួនឯងនោះទេ។
ចំពោះករណីនេះលោក យ៉ង់ គឹមអេង នាយកនៃមជ្ឈមណ្ឌលអភិវឌ្ឈន៍ប្រជាពលរដ្ឋ ដើម្បីសន្តិភាព(PDP) យល់ថា ការបង្កើតឲ្យមានស្លាកមួយៗត្រូវចំណាយអស់ច្រើន ជាពិសេសគណបក្សមិននៅក្នុងរដ្ឋាភិបាល ដែលមានធនធានមានកំរិតមួយ ហើយបើមានការបំផ្លាញរបស់ខ្លួនឯងនោះ អាចធ្វើឲ្យមានការប៉ះពាល់ដល់លទ្ធភាពក្នុងការចូលរួមប្រកួតប្រជែង។
បើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ថាស្លាកគណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់ស្ត្រៃចំមុខ លោក សម រង្ស៊ី និង លោក កឹម សុខា ឯស្លាកសញ្ញាដែលគ្មានរូបលោក សម រង្ស៊ី និងលោក កឹម សុខាទេ ជនទាំងនោះបានបាញ់ស្ព្រាយ លើរូបសញ្ញាព្រះអាទិត្យ ឬពាក្យស្លោក។
លោក ហូរ វ៉ាន បានធ្វើការបង្ហាញថា អាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ពន្ធ័ ជាពិសេសក្រសួងមហាផ្ទៃត្រូវតែចាត់វិធានការ ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកខុសត្រូវ នោះទើបជាការសមហេតុផល និងស្របតាមមុខងាររបស់អាជ្ញាធរផង វាប្រសើរជាងការចោទប្រកាន់ ឬទម្លាក់កំហុសមកលើគណបក្សប្រឆាំងដែលជាអ្នករងគ្រោះនោះ ហើយអាជ្ញាធរក៏មិនគួរភ្ជាប់រឿងនេះ ទៅនឹងបញ្ហាដទៃនោះដែរ។
គាំទ្រនឹងការលើកឡើងខាងលើថាអាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ពន្ធ័ ដូចជាក្រសួងមហាផ្ទៃជាដើម គួតែស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់នោះ លោក យ៉ង់ គឹមអេង បានបន្ថែមថា ក្រសួងបហាផ្ទៃគួរធ្វើការពង្រឹងបន្ថែម លើការទប់ស្កាត់នូវការបំផ្លាញស្លាកសញ្ញាគណបក្ស ព្រោះថា បើនៅមានបន្តរនូវការបំផ្លាញស្លាកសញ្ញាគណបក្សនេះ វាបង្ហាញឲ្យឃើញនូវការរើសអើង ខាងនយោបាយមួយនៅក្នុងសហគម ហើយអាចឲ្យមានការបែកបាក់សាមគ្គីនៅក្នុងចំណោមប្រជាពលរដ្ឋ និងអាចធ្វើឲ្យមានហិង្សាផ្សេងៗកើតឡើង។ «តួនាទីរបស់រដ្ឋ ពិសេសក្រសួងដែលមានសម្តថកិច្ច ដូចជាក្រសួងមហាផ្ទៃត្រូវតែធ្វើការធានាឲ្យបាន ម៉ត់ចត់ចំពោះបញ្ហាខាងលើនេះ»។
អ្នកនាំពាក្យក្រសួងបហាផ្ទៃ មិនអាចសុំការបំភ្លឺបន្ថែមចំពោះបញ្ហាលើកឡើងខាងលើនេះទេ តែបើតាមសេចក្តីប្រកាសព័ត៌មាន បានប្រកាសថាក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនជនល្មើសមកផ្ទន្ទាទោសទៅតាមច្បាប់។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះមិនទានមានប្រតិកម្មណាមួយ តបតរជាផ្លូវការទៅនឹងការលើកឡើង របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពាក់ពន្ទ័នឹងការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិនោះនៅឡើយទេ។ តែនៅម៉ោង២រសៀល ថ្ងៃទី២០ មិថុនានេះ គណបក្សសង្គ្រោះជាតិនឹងធ្វើសន្និសីទកាសែត ស្តីពី«ស្ថានភាពនយោបាយ នៅមុនការបោះឆ្នោតថ្ងៃទី២៨ កក្កដា» ដែលនឹងត្រូវរៀបចំឡើង នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅផ្លូវលេខ ៥៩៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលអាចបង្ហាញពីបញ្ហាចម្រូងចម្រាស ខាងផ្នែកនយោបាយជាច្រើន ដែលបានកើតឡើងពេលកន្លងមក ក៏ដូចជាសម្រាប់ថ្ងៃខាងមុខ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ