បាល់ទាត់អង់គ្លេស៖ អាឡិច ហ្វឺកឺសិន នឹងទុកឲ្យមែនញ៉ូ «នៅកំព្រា»
គ្រូបង្ហាត់លោក អាឡិច ហ្វឺគឺសិន (Alex Ferguson) និងចាកចេញពីក្រុមបាល់ទាត់មែនឆេស្ទើ យូណាយធីត (Manchester United) នៅផុតសម័យកាលប្រកួតនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមនេះ តាំងពីឆ្នាំ១៩៨៦មក។ ឆ្នាំនេះលោកមានអាយុ៧១ឆ្នាំ ហើយមកទល់នឹងបច្ចុប្បន្ន លោកបាននាំក្រុម ឲ្យក្លាយជាជើងឯកអង់គ្លេស (Premier League) ចំនួន១៣លើក និងឆេមពានលីក (Champions League) ចំនួនពីរលើក។
គ្រូបង្ហាត់លោក អាឡិច ហ្វឺគឺសិន នៅពេលក្រុមបាល់ទាត់របស់លោករកគ្រាប់បាល់បានម្ដងៗ។
លើកនេះ ជាលើកចុងក្រោយបង្អស់ ព្រោះលោកបានរំកិលឆ្នាំចូលនិវត្តន៍របស់លោក ជាញយដងមកហើយ។ អ្វីៗក៏នឹងត្រូវបានបញ្ចប់ រវាងលោក និងក្រុមបាល់ទាត់ដែលលោកបានថែរក្សា តាំងពី២៦ឆ្នាំមកនោះដែរ។ លោក អាឡិច ហ្វឺកឺសិន នឹងចាកចេញជាស្ថាពរ ពីកៅអីគ្រូបង្វឹករបស់ក្រុមមែនញ៉ូ នៅចុងបញ្ចប់សម័យកាលប្រកួតក្នុងឆ្នាំនេះ។ ជាដំណឹង ដែលក្រុមបាល់ទាត់ខ្លួនឯង បានផ្សាយនៅលើគណនីទ្វីសធើរផ្លូវការរបស់ខ្លួន។ ប៉ុន្មាននាទីមកទៀត សេចក្ដីជូនដំណឹងមួយទៀត បានចេញផ្សាយបញ្ជាក់ពីដំណឹងនេះ ដោយអះអាងថា គ្រូបង្វឹករូបនេះបានដឹងច្បាស់ ពីជម្រើសមួយដ៏ល្អរបស់លោក៖ «ការសម្រេចចិត្តនេះ ខ្ញុំមិនបានយកវា ជាការលេងសើចទេ។ ជាពេលវេលាដ៏ល្អមួយ។»
គ្រូបង្វឹកដើមកំណើត មកពីអៀរឡង់រូបនេះ បានសម្ដែងការពេញចិត្ត ពីការចាកចេញរបស់លោក ក្នុងខណៈពេលដែលសុខភាពផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសកីឡា របស់ក្រុម មានលក្ខណរឹងមាំ។ «ជារឿងមួយសំខាន់ណាស់សម្រាប់ខ្ញុំ ដែលចាកចេញនៅពេលដែលក្រុម មានការចាត់ចែងនិងមានរូបរាងដ៏ល្អបែបនេះ។ គុណភាពរបស់ក្រុម និងភាពនឹងនរទាក់ទងនឹងអាយុរបស់កីឡាករគ្រប់រូប នឹងអនុញ្ញាតអោយក្រុមស្គាល់នូវភាពជោគជ័យ នៅក្នុងកម្រិតខ្ពស់ជាបន្តទៅទៀត។»
សម្រាប់ដេវីដ បេកខាំ៖ «អរគុណណាស់ លោកនាយ!»
បន្ទាប់ពីសេចក្ដីប្រកាសព័ត៌មាននោះ ប្រតិកម្មមកពីគ្រប់ទិសទី បានធ្លាក់ចុះមក ជាពិសេសនៅក្នុងពិភពកីឡាបាល់ទាត់។ ក្នុងចំណោមនោះ កីឡាករ ដេវីដ បេកខាំ (David Beckham) អតីតកីឡាកររបស់លោក ដ៏ល្បីម្នាក់ បានចេញមករំលឹកថា «លោក (ហ្វឺគឺសិន) មិនត្រឹមជាគ្រូបង្វឹកដ៏ល្អម្នាក់ ដែលខ្ញុំមិនដែលជួបនោះទេ តែលោកក៏ជាឪពុកដ៏ល្អម្នាក់ផងដែរ រាប់ពីពេលខ្ញុំបានមកដល់ក្រុមបាល់ទាត់ដំបូង រហូតដល់ខ្ញុំចាកចេញពីក្រុម។»
កីឡាករបាល់ទាត់ ដែលកំពុងទាត់អោយក្រុម បារីស ស៊ាំងហ្សែកម៉ាំង (Paris Saint-Germain) របស់បារាំងរូបនេះ បានបន្តរំលឹកគុណគ្រូរបស់លោក យ៉ាងដូច្នេះថា «ខ្ញុំទទួលស្គាល់ពីគុណបំណាច់របស់លោក ដែលបានគាំទ្រនិងការពារខ្ញុំ។ បើគ្មានលោក ខ្ញុំនឹងមិនមានថ្ងៃនេះទេ។ ខ្ញុំមានកិត្តិយសណាស់ ដែលបានស្ថិតនៅក្រោមការដឹកនាំ របស់គ្រូបង្វឹកដ៏ល្អម្នាក់ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។ (...) អរគុណណាស់ លោកនាយ !!!»
ការប្រកួតបាល់ទាត់ជាចុងក្រោយ នៅថ្ងៃអាទិត្យខាងមុខនេះ
តាំងពីលោកចូលវះកាត់ចង្កេះ កាលពីខែសីហាឆ្នាំមុននេះមក គ្រូបង្វឹកដ៏ល្បីទំនងជាចង់ដាក់សុខភាពរបស់លោក មុនមុខតំណែងជាមេដឹកនាំក្រុមបាល់ទាត់ដ៏ធំមួយនេះ។ ប៉ុន្តែលោកមិនបានបញ្ចេញដំណឹងអ្វីសោះឡើយ ទាក់ទងនឹងបំណងនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកអាឡិច ថែមទាំងបានធ្វើអោយគេយល់ថា លោកនឹងបន្តនៅក្នុងក្រុម នៅក្នុងសម័យកាលប្រកួតលើកក្រោយ នោះទៀតផង។ ពេលនោះ លោកបាននិយាយថា «សម្រាប់ពេលនេះ ខ្ញុំមិនទាន់មានអារម្មណ៍ថានឹងចាកចោលក្រុម ដែលខ្ញុំចាត់ទុកថាពិសេសនោះឡើយ។ ក្រុមជើងឯកនេះ នឹងនៅមានឯកភាពយ៉ាងស្អិតរមួត ហើយយើងនៅទីនេះ សម្រាប់ដំណើរមួយដ៏វែងឆ្ងាយ។»
ក្នុងអាយុ៧១ឆ្នាំ លោកអាឡិច ហ្វឺគឺសិន នឹងចាកចេញពីក្រុមមែនញ៉ូ ជាមួយនឹងតំណែងជាងម្ចាស់ជើងឯក របស់អង់គ្លេស និងអារម្មណ៍យ៉ាងស្ងប់ល្អ។ បន្ទាប់ពីបានស្នងតំណែង លោករ៉ន អាគីនសុង (Ron Atkinson) កាលពីឆ្នាំ១៩៨៦ លោកអាឡិច បានរកភាពជោគជ័យអោយក្រុម បានរហូតដល់ទៅ៣៨ដង។ នៅថ្ងៃអាទិត្យខាងមុខ ជាការជួបប្រកួតចុងក្រោយបង្អស់ រវាងក្រុមបីសាចក្រហម (មែនញ៉ូ) របស់លោក និងក្រុមស្វេនស៊ី (Swansea) នៅក្នុងផ្ទះរបស់ខ្លួន ហើយក៏ទំនងជាការប្រកួតចុងក្រោយមួយ ដើម្បីជាការឧទ្ទិសទៅដល់កិច្ចការ ដែលលោកបានធ្វើកន្លងមកនោះដែរ៕
----------------------------------------------------
ដោយ៖ ដ. កែវ - ប៉ារីស ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ