ទំនងមានអ្នកញុះញង់ឲ្យសម្លាប់គ្រូសូត្រឆ្វេង បើតាមចៅអធិការវត្ត
ដោយសារតែមានបុគ្គលញុះញង់ ឱ្យនេនតូចរូបនេះប្រើអំពើហឹង្សា ទើបព្រះភិក្ខុដែលមានព្រះជន្ម១៨ព្រះវស្សាអង្គនេះ ហ៊ានលើកកាំបិតចាក់សម្លាប់ គ្រូសូត្រឆ្វេងព្រះនាម ថាច់ ខាន់ នៃវត្តសាមគ្គីរង្សីកាលពីថ្ងៃទី១២ ខែមករា ម្សិលម៉ិញ។ ព្រោះកន្លងមកព្រះភិក្ខុអង្គនេះ មិនដែលមានគំនិតប្រើអំពើហឹង្សាអញ្ចឹងទេ តែឥលូវនេះ ស្រាប់តែឃើញនេនអង្គនេះមានការប្រែប្រួល។ នេះជាការសង្កេតរបស់ព្រះសង្ឃ សៀង សុវណ្ណារ៉ា ចៅអធិការវត្តសាមគ្គីរង្សី ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
យ៉ាងណាក៏ដោយ ព្រះតេជគុណមានសង្ឃដីការថា ជនដែលញុះញង់នៅពីក្រោយនោះ មិនដឹងថាជាបុគ្គលណាឡើយ។ ព្រះតេជគុណ បានបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែនៅលើកចុងក្រោយ លោកដូចជាមានបញ្ជា ឬក៏មានការញុះញង់ពីណាក្រោយខ្នង [...]