អាជីវករនៅកោះធំ រងការបង្ខំពីអាជ្ញាធរ ឲ្យទៅកាប់ជ្រូកនៅកុងស៊ី
ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរសាច់ជ្រូក នៅតាមផ្សារក្នុងស្រុកកោះធំ ត្រូវបានអាជ្ញាធរតម្រូវឲ្យយកជ្រូកទៅកាប់ នៅក្នុងកុងស៊ីវិញ ដែលតម្រូវឲ្យបង់ថ្លៃឈ្នួលកុងស៊ីនោះ ក្នុងតម្លៃជ្រូកមួយក្បាល ៧០០០រៀល និងតម្រូវឲ្យពួកគាត់ជួលកម្មករកាប់ជ្រូកដោយខ្លួនឯងទៀត។ ចំពោះអាជីវករណា ដែលមិនព្រមបញ្ឈប់ការកាប់ជ្រូកនៅតាមផ្ទះខ្លួនឯងទេនោះ អាជ្ញាធរនឹងធ្វើការចាប់យកសាច់ជ្រូកនោះទុក មិនឲ្យលក់ចេញឡើយ។
អ្នកស្រី ទ្រី សៀវម៉ី អាជីវករលក់សាច់ជ្រូកមួយរូបនៅផ្សារកោះធំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អាជ្ញាធរបានបង្គាប់ឲ្យពួកគាត់ យកជ្រូកទៅកាប់នៅកុងស៊ី ដែលទើបតែបង្កើតរួចហើយវិញ និងហាមឃាត់មិនឲ្យកាប់ជ្រូកនៅក្នុងផ្ទះទៀតទេ។
អាជីវកររូនេះបានថ្លែងបន្តថា រឿងនេះបានកើតឡើងជិតមួយឆ្នាំទៅហើយ កាលពី ខែ ២ [...]