ការតម្លើងថ្លៃតូប បន្តបញ្ហាចុងក្រោយ ឲ្យផ្សារនាគមាស
ជម្លោះថ្លៃតូបដែលម្ចាស់ផ្សារនាគមាស បានតម្លើងជាប្រចាំឆ្នាំ នៅតែជាបញ្ហាជជែកគ្នា មិនទាន់ដាច់ស្រេចនៅឡើយ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ។ ប៉ុន្តែយ៉ាងហោចណាស់ កង្វល់ទាំង៦ចំណុច ដែលទាមទារដោយក្រុមអាជីវករ ទទួលបានដំណោះស្រាយសឹងតែទាំងអស់ហើយ។
តំណាងអាជីវករនៅផ្សារនាគមាស អ្នកស្រី សំ សារិន្ទ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លទ្ធផលនៃកិច្ចពិភាក្សានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ មិនទទួលបានដំណោះស្រាយណាមួយប្រសើរឡើយ ព្រោះថាចំណុចចុងក្រោយ ដែលនិយាយពីការតម្លើងថ្លៃតូបប្រចាំឆ្នាំ នៅមិនមានការយល់ស្របគ្នានៅឡើយ។ ភាគីម្ចាស់ផ្សារនៅតែពង្រឹងជំហ យកការតម្លើងថ្លៃតូប ៣០ភាគរយក្នុងមួយឆ្នាំ ចំណែកឯក្រុមអាជីវករវិញទាមទារ ឲ្យតម្លើងថ្លៃតែត្រឹម ១០ភាគរយក្នុងមួយឆ្នាំប៉ុណ្ណោះ។
[...]