
ហ៊ុន សែន ហៅពលរដ្ឋឲ្យប្រកាន់នយោបាយជាតិនិយម ប្រឆាំងអាមេរិក
«ជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែក របស់បរទេស» នេះ ជាការថ្លែងឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រតិកម្មជាសាធារណៈមួយ តបទៅនឹងរដ្ឋបាលរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចេញចំណាត់ការ ផ្អាកការផ្ដល់ទិដ្ឋការប្រភេទ «មិនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា។
នៅក្នុងវោហាស័ព្ទប្រតិកម្មខ្លាំងៗ នៅថ្ងៃនេះ ចំពោះកម្មករ-កម្មការិនីច្រើនរយនាក់ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងដាក់«កំហិត» ឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ត្រូវចេញមុខមកបកស្រាយ ពីការលើកឡើងកាលពីជិត៤ឆ្នាំមុន របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ លោកថា៖ «ខ្ញុំចង់សួរឯកឧត្ដម ឲ្យឆ្លើយបំភ្លឺ តើសំដី កឹម សុខា ត្រឹមត្រូវឬអត់ ព្រោះយើងមិនបានចោទប្រកាន់ [...]