
ក្រុមតំណាងរាស្ត្រ CNRP បរិហារច្បាប់កែថ្មីថា«ខ្វះធម្មនុញ្ញភាព»
ការកែច្បាប់ថ្មី គ្រោងយកអាសនៈស្របច្បាប់ ដែលបានមកពីពលរដ្ឋម្ចាស់ឆ្នោត ជិតបីលាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រឆាំងនេះ កាលពីឆ្នាំ២០១៣ ទៅចែកឲ្យគណបក្សផ្សេង ដែលគ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត ជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត រំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងធ្វើឲ្យស្ថាប័នជាតិសំខាន់ៗ ឈានទៅបាត់បង់ភាពស្របច្បាប់។
នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមតំណាងរាស្ត្រ-សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ ខែតុលានេះ មួយថ្ងៃក្រោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃយ៉ាងប្រញាប់ប្រញាល អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ [...]