កឹម សុខា ដើរចេញពីសភា មិនអនុម័តលើសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ (vdo)
អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសគោលជំហរជាថ្មី ក្នុងការមិនទទួលយក និងមិនចូលរួមអនុម័ត លើសេចក្ដីថ្លែងហេតុ នៃសេចក្ដីព្រាងច្បាប់ ស្ដីពី«ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៥»ទេ ព្រោះតែគ្មានការបញ្ជាក់ណាមួយច្បាស់លាស់ ពីរដ្ឋាភិបាល។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅមន្ទីររដ្ឋសភា មុនពេលចាកចេញ លោក កឹម សុខា បានលើកឡើងថា តាមការសិក្សារបស់លោក ឃើញមានបញ្ហាជាច្រើន ដូចជាការបាត់បង់ចំណូលយ៉ាងច្រើន និងរាល់ការចំណាយនានា មិនចំគោលដៅជាដើម។ លោកបានលើកជាឧទាហរណ៍ថា ដូចជាថវិការសម្រាប់ជួយចាស់ជរា ៤០០០០រៀលក្នុងមួយខែ ប្រាក់មានតែមិនឲ្យ ដូចជាលុយតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មួយលានរៀលក្នុងមួយខែ លុយមានតែមិនឲ្យ។
[...]