ភរិយាបេក្ខជន ត្រាំ វាយតម្លៃសំដីស្វាមីខ្លួន ថាទទួលយកមិនបាន
បែបត្រូវដួលបះជើង មុនការប្រកួតមកដល់ហើយ សម្រាប់បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ កិច្ចសន្ទនាដ៏អាស្រូវ នៅក្នុងខ្សែវីដេអូមួយ ថតជាប់តាំងពីឆ្នាំ២០០៥ ដែលពោរពេញ ដោយពាក្យអសុរស អាសអាភាស ប៉ះពាល់ធ្ងន់ធ្ងរដល់ស្ត្រី និងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក យកមកទម្លាយនៅពេលនេះ កំពុងរួមរិតរូបភាពរបស់លោក ហើយអាចទាញទម្លាក់លោក ឲ្យខ្ទាតចេញពីសៃវៀន ដណ្ដើមកៅអីជាប្រធានាធិបតីអាមេរិក ជាស្វ័យប្រវត្តិ ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
នៅចំពោះព្យុះសង្ឃរានេះ អ្នកស្រី មេឡានី ត្រាំ (Melania Trump) ភរិយាសព្វថ្ងៃរបស់លោក ដូណាល់ ត្រាំ បានចេញមុខ មកនិយាយជំនួសស្វាមីរបស់អ្នកស្រី ដើម្បីសុំឲ្យបណ្ដាជនអាមេរិកាំង ធ្វើការអភ័យទោស ទៅដល់អ្វីដែលជាការ«ជ្រុលជ្រួស»នេះ។ អ្នកស្រីបានទទួលស្គាល់ថា សំដីរបស់លោក ត្រាំ ពិតជាមិនអាចទទួលយកបាន ហើយ«បានទៅឆ្ងាយជ្រុល»ពេកហើយ។ [...]