បញ្ច្រកថ្នាំរួចចាប់រំលោភយុវតីជប៉ុនម្នាក់ទៀត ដោយមគ្គុទេសទេសចរណ៍ឥណ្ឌា
ជារឿងដ៏រន្ធត់មួយថ្មីទៀត ដែលបានកើតឡើងដដែលៗ នៅក្នុងប្រទេសឥណ្ឌា។ យុវតីជប៉ុនអាយុ២០ឆ្នាំមួយរូប បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទកន្លងមកនេះ ទៅកាន់អាជ្ញាធរនៃក្រុង ចៃពួរ ដែលស្ថិតក្នុងភាគខាងជើងនៃប្រទេស ចោទប្រកាន់មគ្គុទេសទេសចរណ៍ម្នាក់ ពីបទបានបញ្ច្រកថ្នាំស្រវឹង និងរំលោភនាង កាលពីថ្ងៃអាទិត្យមុនមួយថ្ងៃ នៅក្នុងកន្លែងស្ងាត់កំបាំងពីគេមួយ។ ស្ត្រីវ័យក្មេងបាននិយាយថា បុរសនោះបានណែនាំឲ្យនាងជិះម៉ូតូ ដើរលេងជុំវិញទីក្រុងជាមួយ មុននឹងយកនាងទៅរំលោភ។
អធិការនគរបាលប្រចាំទីក្រុង លោក ដារ៉ាម ឆង់ចាំង (Dharam Chand Jain) បានថ្លែងប្រាប់ឲ្យដឹងថា បុរសនេះបង្ហាញខ្លួន ក្នុងនាមជាមគ្គុទេសទេសចរណ៍ ហើយបានជួបស្ត្រីជប៉ុន នៅក្បែរសណ្ឋាគារដែលនាងស្នាក់នៅ។ លោកបាននិយាយបន្តថា៖ «ពួកគេទាំងពីរ បានធ្វើដំណើរតាមម៉ូតូ ទៅកាន់ច្រើនកន្លែង នៅពេញមួយថ្ងៃ។ [...]