
ពិធីករ អ៊ិត សេដ្ឋា ទទួលមរណភាពក្នុងថ្ងៃបោះឆ្នោតឃុំសង្កាត់
លោក អ៊ិត សេដ្ឋា ពិធីករខ្មែរមួយរូប ដ៏មានប្រជាប្រិយភាព បានទទួលមរណភាព កាលពីរសៀលថ្ងៃទី ៤ ខែមិថុនានេះ នៅខណៈពេល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤។ លោកបានផុតដង្ហើម នៅវេលាម៉ោង ២ និង២៥នាទី បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យរ៉ូស្ស៊ី រាជធានីភ្នំពេញ កាលពីព្រឹកម៉ិញ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់។
ក្រុមគ្រូពេទ្យបានអះអាងថា ស្ថានភាពជំងឺរបស់លោក អ៊ិត សេដ្ឋា មានលក្ខណៈធ្ងន់ធ្ងរណាស់ទៅហើយ។ ប្រភពមួយ ដែលស្និតនឹងគ្រួសាររបស់ពិធីករ បានអះអាងថា លោកមានជំងឺពោះវៀនដ៏រ៉ាំរ៉ៃ តាំងពីច្រើនឆ្នាំមកហើយ។
ប្រធានសមាគមសិល្បៈ លោក សុះ ម៉ាច បានសរសេរសារមួយ នៅលើបណ្ដាញសង្គម ទាក់ទងនឹងមរណភាព របស់លោក អ៊ិត សេដ្ឋា នេះថា៖ «សូមវិញ្ញាណក្ខន្ធសម្លាញ់ (អ៊ិុត សេដ្ឋា) បានដល់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ! បើមានជាតិក្រោយយើងជូបគ្នាទៀត! អហោសិកម្មនឹងគ្នាផង! [...]