
ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក
ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពានកប់ពពកមួយខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើកបរឆ្លងកាត់បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃហេដ្ឋារចនាសម្ព័ន្ធ ដ៏សម្បើមមួយនេះ បានតភ្ជាប់ផ្លូវជាតិ រវាងពីខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។
ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយសារតែវាត្រូវបានសាងសង់ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕