ការលក់ដូរនៅលើទ្រូងផ្លូវវេងស្រេង ព្រោះគ្មានជម្រើស
ទោះជាមានកាកសំណល់សំរាម ឬការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកធ្វើដំណើរ ថាមានភាពរញ៉េរញ៉ៃពិបាកធ្វើចរាចរណ៍ និងដើម្បីចំណូលដ៏តិចតួចរបស់ពួកគេនោះក៏ដោយ តែក្រុមអាជីវករតូចតាចទាំងនោះ បានជំនះដាក់តាំងតូបលក់ធ្វើអាជីវកម្ម ពាសពេញទាំងទ្រូងផ្លូវ ក្នុងភូមិដំណាក់ធំបី នាផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប៉ុន្តែការយកទ្រូងផ្លូវមកប្រើប្រាស់ នៅត្រង់ចំណុចលូប្រាំនេះ វាដូចជាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់ពួកគាត់។
អ្នកលក់នៅលើផ្លូវនេះ អ្នកស្រី ឡឹក កុសល់ បាននិយាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការលក់ដូរនៅទីនេះ អ្នកស្រីមិនមានការអនុញ្ញាតណាមួយ ឲ្យលក់នោះទេ។ ប៉ុន្តែអ្នកស្រីគ្មានជម្រើស មិនដឹងបានកន្លែងណា សម្រាប់ប្រកបរបរចិញ្ចឹមជីវិត ទើបនៅរកស៊ីទាំងព្រួយបារម្មណ៍ [...]