ក្រសួងយុត្តិធម៌ មិនលូកដៃអំពីបញ្ហាសកម្មជនបឹងកក់ជាប់ពន្ធនាគារទេ
នៅក្នុងសន្និសីទថ្នាក់ជាតិមួយ ដែលមានការពិភាក្សាដេញដោលអំពីច្បាប់ ដែលបង្កើតឡើងថ្មីដោយក្រសួងយុត្តិធម៌ លោក អ៊ំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណៈបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក អង្គ វង្សវឌ្ឍានា បានឆ្លើយតបនឹងសំនួរលោកថា ក្រសួងនឹងមិនលូកដៃចូលក្នុងបញ្ហារបស់អ្នកភូមិបឹងកក់ ក្នុងការដោះស្រាយរបស់ប្រព័ន្ធតុលាការនោះទេ ព្រោះវាជាឯករាជ្យភាពរបស់តុលាការ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានថ្លែងបញ្ជាក់ថា ក្រសួងយុត្តិធម៌ចាត់ទុកបញ្ហាការចាប់ខ្លួន របស់សកម្មជនបឹងកក់ មិនមែនជាកំហុសដែលទទួលបានពីការធ្វើបាតុកម្មនោះទេ ប៉ុន្តែវាជាទោសកំហុស ដែលពួកគេបានធ្វើមានការស្ទះចរាចរណ៍ក្រុង នៅពេលដែលពួកគេ បានទៅធ្វើការតវ៉ា ដើម្បីឲ្យសាលារាជធានីពិចារណារឿងទឹកលិច នៅសហគមន៍បឹងកក់ទៅវិញទេ។
[...]