អភិបាលក្រុងបានលុង ថាមានមនុស្សដើរអុចអាល ឲ្យប្ដឹងលោក
ខណៈពេលដែលបណ្ដឹង របស់ពលរដ្ឋ ត្រូវបានលោក ប៊ូ ឡាំ តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បន្តប្ដឹងមករដ្ឋសភា ឲ្យធ្វើអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ឲ្យដកលោក អ៊ុក សំអុល អភិបាលក្រុងឲ្យចេញពីតំណែងនោះ នៅថ្ងៃទី២៦ ខែឧសភានេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលការឆ្លើយតប ពីលោកអភិបាលក្រុង បានលុង មកវិញ ដោយលោកបានអះអាងថា ករណីនេះកើតឡើង ដោយសារមានបុគ្គល ដើរអុចអាលញុះញ៉ង់ប្រជាពលរដ្ឋ។
លោក អ៊ុក សំអុល បានបញ្ជាក់ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីថា ក្រោមកិច្ចវិនិយោគ ផ្សារបានលុងនេះ ក្រុមហ៊ុន ហេង ដារ៉ា ដែលមានឈ្មោះ សា លាង ជានាយកក្រុមហ៊ុន មិនបានអនុវត្តអោយបានត្រឹមត្រូវ តាមសៀវភៅបន្ទុក និងកិច្ចសន្យាឡើយ។ លោកបន្តថា ជាងនេះទៅទៀត ក្រុមហ៊ុននេះ បានរំលោភបំពាន យកដីរដ្ឋខាងមុខ និងជុំវិញផ្សារបានលុង ធ្វើអាជីវកម្មដោយខុសច្បាប់ កេងប្រវ័ញ្ចថវិកាចំណូល ពីទីតាំងនេះ រាប់សិបលានរៀល ក្នុងមួយឆ្នាំៗចាប់តាំពីឆ្នាំ២០០៨ [...]
