ឃាត់ខ្លួនបុរសម្នាក់ ពីបទ«ជុះនោម»ដាក់អ្នកដំណើរលើយន្ដហោះ
បើផឹក ត្រូវផឹកឲ្យគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអី! តែនេះមិនមែននរណាផ្សេង មកសែងទេ ព្រោះជាកងកម្លាំងនគរបាល មកនាំខ្លួនចេញពីយន្ដហោះ។ ក្រុមហ៊ុនអាកាសចរណ៍ «JetBlue» បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «អាជ្ញាធរក្នុងស្រុក បានចូលទៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ ៤៥ មកពីក្រុង "Anchorage" ក្នុងរដ្ឋអាឡាស្កា ហើយបានមកចុះចត នៅក្នុងព័រឡេន (Portland) នាព្រឹកនេះ បន្ទាប់ពីមានហេតុការណ៍មួយ បង្កឡើងដោយអ្នកដំណើរស្រវឹងម្នាក់»។
អ្នកដំណើរស្រវឹងធ្លាក់ភ្នែកនោះនោះ ជាយុវជនម្នាក់អាយុ២៦ឆ្នាំ ហើយត្រូវបានអាជ្ញាធរ ក្រុង ព័រឡេន ចាប់ឃុំខ្លួនជាច្រើនម៉ោង មុននឹងដោះលែងមកវិញ។ ប៉ុន្តែយុវជននេះ បានទទួលដីកាកោះហៅមួយ ជាស្រេចហើយ ពីសំណាក់តុលាការ ទាក់ទងនឹងទង្វើរបស់ខ្លួន នៅលើយន្ដហោះ។
ក្រុមបុគ្គលិកបម្រើការនិងអ្នកដំណើរ លើយន្ដហោះបាននិយាយថា យុវជននេះ បានដេកលក់រហូត នៅអំឡុងពេលហោះហើរ។ [...]