
សម រង្ស៊ី ថា ហ៊ុន សែន ធ្លាប់ធ្វើតែការ«កាត់ច្បិចមកចាប់កំហុស»
«លោក ហ៊ុន សែន គាត់ធ្លាប់តែធ្វើអញ្ចឹង!» នេះ បើតាមការលើកឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្ម ទៅនឹងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីម្សិលម៉ិញ នូវវីដេអូឃ្លីបខ្លីមួយ មានរយៈពេលជាង១នាទី ដែលជាការថ្លែងរបស់លោក នៅចំពោះក្រុមអ្នកគាំទ្រ ក្នុងក្រុង ឡូវែល សហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១១កន្លងទៅ។
នៅក្នុងវីដេអូឃ្លីបនោះ គេឮសូរលោក សម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្ស សម រង្ស៊ី បានអំពាវនាវ ឲ្យកងទ័ពបែរចុងការណុង ងាកមកផ្តួលរំលំរបបដឹកនាំ របស់លោក ហ៊ុន សែន។
មេដឹកនាំប្រឆាំងរូបនេះ បានថ្លែងក្នុងវីដេអូឃ្លីបថា៖ «អ៊ីចឹងដូចជាវាទុំ ផ្លែឈើវាទុំ វាស្ទើរតែដង្កូវស៊ី រុញតែបន្តិចទៅធ្លាក់ហើយ ការបះបោរប្រជារាស្ត្រផុសផុលបន្តិច។ យើងត្រូវការការរៀបចំ...យើងត្រូវការការផ្គត់ផ្គង់ ឧបត្ថម្ភខ្លះ។ [...]