ហ៊ុន សែន ហាមបញ្ចេញមតិរំខាន លើទំព័រហ្វេសប៊ុកលោក
នៅពេលដែលការបញ្ចេញមតិយោបល់ របស់ក្រុមអ្នកមិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាការរំខាន... ពួកគេទាំងនោះ ត្រូវបានលោក ហ៊ុន សែន សរសេរព្រមានថា នឹង«ពុំមានលទ្ធភាព» ចូលទៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់លោកទៀតទេ។ សំណេរព្រមាននោះ ត្រូវបានធ្វើឡើង កាលពីចុងសប្ដាហ៍កន្លងមកនេះ ដោយបានពន្យល់បន្ថែម ប្រៀបធៀបការហាមប្រាមនេះ ទៅនឹងទំព័រហ្វេសប៊ុក របស់មេដឹកនាំនយោបាយផ្សេងទៀត ដែលលោក ហ៊ុន សែន អះអាងថា «មិនដែលឃើញឆ្លើយតប ជាមួយអ្នកណា ជាពិសេសអ្នកគាំទ្ររបស់ខ្លួន»។
នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសរសេរ នៅក្នុងផ្នែកដាក់យោបល់ នៃទំព័រហ្វេសប៊ុកផ្លូវការ របស់លោកដូច្នេះថា៖ «អ្នកចូលមករំខាន ក្នុង Page របស់ខ្ញុំ នឹងពុំមានលទ្ធភាពចូលមកទៀតទេ។ ខ្ញុំមានមនុស្សច្រើនលាននាក់ ឆ្លងឆ្លើយជាមួយខ្ញុំគ្រប់គ្រាន់ហើយ។ មិនបាច់អស់លោក ចូលមកបញ្ចេញមតិអ្វី [...]