សណ្ឋាគារដែលរងអគ្គិភ័យនៅឌុយបៃ នឹងត្រូវ«ជួសជុលទាំងស្រុង»ឡើងវិញ
«យើងបានកំណត់ច្បាស់ហើយ ថានឹងជួសជុលសភាពដើម ដ៏ល្អស្កឹមស្កៃ របស់សណ្ឋាគារឡើងវិញ ហើយថែមទាំងបំពាក់បន្ថែម នូវប្រដាប់ប្រដាទាំងឡាយ ដែលលើសពីរចនាបទ នៃស្ថាបត្យកម្មនោះទៀត» នេះជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់លោក មហាមេដ អាឡាបារ (Mohamed Alabbar) អគ្គនាយកក្រុមហ៊ុន «Emaar Properties» ដែលធ្វើអាជីវកម្ម លើសណ្ឋាគារ «The Address Downtown»។
សណ្ឋាគារដ៏ទំនើប និងមានកំពស់ដ៏ខ្ពស់ នៃក្រុងឌុយបៃ ឈ្មោះ «The Address Downtown» បានរងគ្រោះធ្ងន់ធ្ងរ នឹងគ្រោះអគ្គិភ័យ កាលពីយប់ចូលឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចូលមកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ប៉ុន្តែលោក អាឡាបារ មិនបានផ្ដល់ព័ត៌មានលំអិតអ្វីបន្ថែម ពីគ្រោះអាក្រក់នេះ ហើយក៏មិនបានរៀបរាប់ ពីមូលហេតុដែលបង្ក ឲ្យមានអគ្គិភ័យកើតឡើងដែរ។ លោក គ្រាន់តែបានបន្ថែមយ៉ាងខ្លីថា៖ «កាលវិភាគ និងគម្រោងប្លង់នៃការជួសជុល នឹងត្រូវជម្រាបជូនឲ្យដឹង [...]