ភូមា៖ រំសាយទាហានកុមារ ចំនួន៤៦នាក់ ចេញពីកងទ័ព
ទាហានកុមារចំនួន៤៦នាក់ ត្រូវបានរំសាយ ឲ្យត្រឡប់ទៅរកជីវិត ជាប្រជាពលរដ្ឋសមញ្ញ ជាមួយនឹងគ្រួសាររៀងៗខ្លួនវិញ។ នេះជាការប្រកាស របស់សារព័ត៌មានផ្លូវការភូមា កាលពីថ្ងៃអាទិត្យ ដោយស្រង់ប្រភព ពីកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសភូមា ដើម្បីបង្ហាញពីការខិតខំរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១២ ស្ដីពីការឈប់រើសទាហានកុមារ និងអនុញ្ញាតឲ្យទាហានកុមារ ដែលមានក្នុងជួរកងទ័ពស្រាប់ វិលត្រឡប់ទៅរកជីវិត ជាពលរដ្ឋធម្មតាវិញ។
សារព័ត៌មានផ្លូវការ «Global New Light of Myanmar» ដែលផ្សាយជាភាសារអង់គ្លេស បានរាយការណ៍ឲ្យដឹងថា កុមារចំនួន៤៦នាក់ បានវិលត្រឡប់ទៅរកគ្រួសាររបស់ពួកគេវិញ នៅក្នុងពិធីមួយ កាលពីថ្ងៃសៅរ៍។ សារព័ត៌មានបានបន្តថា៖ «កងទ័ពបានធ្វើការរំសាយ១២ដង នូវទាហាន ចំនួន៧៤៤នាក់ ដែលមិនទាន់គ្រប់អាយុ ក្នុងនោះរាប់ទាំងការរំសាយ កាលពីថ្ងៃសៅរ៍នេះផង»។
[...]