ផៃ ស៊ីផាន ថាការបារម្ភរឿងសិទ្ធិមនុស្ស កើតឡើងព្រោះស្រង់ព័ត៌មានលំអៀង
ពិតហើយ ថាដំណឹង និងព័ត៌មានទាក់ទងនឹងប្រតិកម្ម ពីសំណាក់បណ្ដាប្រទេសជាច្រើន រួមនឹងអង្គការអន្តរជាតិធំៗ និងអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ក្រោយការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រីកថ្លាក្នុងហឫទ័យនោះឡើយ។ អារម្មណ៍មិនសប្បាយចិត្តនេះ ត្រូវបានបញ្ចេញឲ្យដឹង តាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈសំណេរមួយ ផ្ដល់ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍។
លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «រាល់ការបារម្ភទាំងអស់នោះ គ្រាន់តែបង្ហាញ នូវទស្សនៈដឹង និងយល់ ដែល ស្រង់ចេញពីព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងលំអៀង ដែលជាព័ត៌មាន ឫរបាយការណ៍បំភ័ន្ត ឫប្រឌិតសម្រាប់ ហេតុផលនយោបាយ និងជំហរ ដែលមានទិសដៅខ្ទាស់ ឬបំផ្លាញនីត្យានុកូលភាព ប្រឆាំងនឹងច្បាប់ សណ្ដាប់ធ្នាប់សង្គមរួមជាមួយ និងដំណើរការប្រជាធិបតេយ្យ [...]